ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ បានសម្តែងនូវការផ្តល់ទំនុកចិត្តខ្ពស់ចំពោះភាគីប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន ដោយបានអះអាងថាប្រទេសរុស្ស៊ី មានភាពងាយស្រួលក្នុងការធ្វើការជាមួយ ជាងប្រទេសអ៊ុយក្រែន ក្នុងការដោះស្រាយបញ្ហាជម្លោះនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។
ទន្ទឹមនឹងនេះ នៅពេលត្រូវបានគេតើលោកជឿជាក់នូវអ្វីដែលមេដឹកនាំរុស្ស៊ី លោក ពូទីន និយាយថាគាត់ពិតជាចង់បានសន្តិភាព ដែរឬទេ ខណ:ភ្លាមនោះប្រធានាធិបតីលោក ត្រាំ បានប្រាប់ទៅកាន់ក្រុមអ្នកយកព័ត៌មាន នៅឯសេតវិមានថា៖” ខ្ញុំជឿជាក់លើគាត់។ ខ្ញុំគិតថាយើងបានធ្វើយ៉ាងល្អជាមួយនឹងប្រទេសរុស្ស៊ី”។
មិនតែប៉ុណ្ណោះ លោក ត្រាំ បានបន្ថែមទៀតថា ៖”និយាយដោយស្មោះត្រង់ទៅខ្ញុំពិបាកធ្វើការជាមួយអ៊ុយក្រែន ហើយពួកគេមិនមានសន្លឹកបៀណាមួយនោះឡើយទេ។ ធ្វើការជាមួយប្រទេសរុស្ស៊ី អាចមានភាពងាយស្រួលជាង” ។
ប្រធានាធិបតីអាមេរិករូបនេះ ក៏បានបញ្ជាក់សារជាថ្មីនូវទំនាក់ទំនងដ៏ល្អរបស់ខ្លួនជាមួយប្រធានាធិបតីរុស៊្សី លោកពូទីន ហើយបាននិយាយថាមេដឹកនាំរុស្ស៊ីចង់បញ្ចប់ជម្លោះនៅអ៊ុយក្រែន។ លោក ត្រាំ បានសង្កត់ធ្ងន់ទៀតថា៖”ខ្ញុំគិតថាលោក ពូទីន នឹងមានចិត្តសប្បុរសជាងការចាំបាច់ ហើយនោះជារឿងល្អ” ។
លោក ត្រាំ ក៏បានព្រមានផងដែរថាប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyដែលកំពុងអំពាវនាវឲ្យប្រទេសលោកខាងលិចផ្តល់ការធានាចំពោះសន្តិសុខ មុនពេលទទួលយកបទឈប់បាញ់គ្នាជាមួយប្រទេសរុស្ស៊ីនោះ អាចប្រឈមមុខទៅនឹងហានិភ័យដែលបាត់បង់ការគាំទ្រពីសំណាក់សហរដ្ឋអាមេរិក។
ប្រធានាធិបតី លោក ត្រាំ បានសង្កត់ធ្ងន់ទៀតថា ៖”ខ្ញុំមិនដឹងថាតើពួកគេចង់ដោះស្រាយស្ថានការណ៍នេះឬអត់ទេ។ ប្រសិនបើមិនមែនទេ យើងនឹងចាកចេញ ព្រោះយើងចង់ដោះស្រាយចំពោះបញ្ហានេះ។ ខ្ញុំកំពុងព្យាយាមបញ្ឈប់ការស្លាប់”។
ជម្រាបជូនផងដែរថា ប្រធានាធិបតីអាមេរិកលោក ត្រាំ កាលថ្ងៃទី៧ ខែមីនាកន្លងទៅនេះ បានគំរាមដាក់ទណ្ឌកម្មទ្រង់ទ្រាយធំទៅលើប្រទេសរុស្ស៊ី ដោយផ្តោតសំខាន់លើផ្អែកធនាគារ ពន្ធ និងវិធានការផ្សេងទៀតរហូតដល់មានបទឈប់បាញ់គ្នា ហើយនិងមានកិច្ចព្រមព្រៀងសន្តិភាពចុងក្រោយណាមួយអាចត្រូវសម្រេចបាន។ លោក ត្រាំ ក៏បានសង្កត់ធ្ងន់ទៀតថា ៖”ប្រាប់ទៅកាន់ប្រទេសរុស្ស៊ី និងអ៊ុយក្រែន ឲ្យឆាប់ចូលមកកាន់តុចរចាភ្លាមៗមក មុនពេលវាយឺតពេល”៕