មហាសេដ្ឋី Elon Musk បន្តជំរុញឲ្យសហរដ្ឋអាមេរិកដកខ្លួនចេញពីអង្គការណាតូ

អន្តរជាតិ

មហាសេដ្ឋីមានដាច់គេលើពិភពលោក Elon Musk បាននិយាយថា វាជារឿងមិនសមហេតុផលទាល់តែសោះ ដែលរដ្ឋភិបាលទីក្រុងវ៉ាស៊ីនតោន ត្រូវចំណាយលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីការពារអឺរ៉ុប ខណ:ពេលដែលស្ថាបនិកក្រុមហ៊ុន Tesla រូបនេះ បានបន្តជំរុញឲ្យសហរដ្ឋអាមេរិក គួរតែដល់ពេលត្រូវចាកចេញពីអង្គការណាតូ ហើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Newsweek។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការលើកឡើងបែបនេះ បានកើតឡើងបន្ទាប់សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ លោក Mike Lee ដែលតែងតែរិះគន់ចំៗទៅលើអង្គការណាតូ និងចោទសួរពីសមាជិកភាពរបស់អាមេរិកក្នុងសម្ព័ន្ធភាពនោះ ថ្មីៗនេះបានបង្ហោះសារមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ដោយនិយាយថា សហរដ្ឋអាមេរិកគួរតែចាកចេញពីណាតូហើយ ក្នុងពេលឥឡូវនេះ។

ទន្ទឹមនឹងនេះ មហាសេដ្ឋី Elon Musk ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហោះសារមួយរបស់ខ្លួនឡើងវិញ កាលពីថ្ងៃទី៩ ខែមីនា ដោយបន្ថែមថា “ត្រូវហើយ យើងពិតជាគួរតែចាកចេញពីណាតូ។ វាជារឿងគួរឲ្យអស់សំណើចខ្លាំងណាស់ដែលសហរដ្ឋអាមេរិកត្រូវចំណាយយ៉ាងច្រើន ដើម្បីការពារអឺរ៉ុប”។

លោក Musk ត្រូវបានគេជឿថាមានឥទ្ធិពលយ៉ាងសំខាន់នៅក្នុងជួររដ្ឋបាលរបស់សហរដ្ឋអាមេរិក។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិកជាច្រើន បានបង្ហាញឲ្យដឹងថាការគាំទ្ររបស់លោក Musk ចំពោះសហរដ្ឋអាមេរិក ទៅលើការចាកចេញពីអង្គការណាតូ អាចជាសញ្ញាមួយបង្ហាញថា គំនិតនេះហាក់កំពុងត្រូវបានគេលើកយកមកពិចារណានៅឯសេតវិមាន ផងដែរ។

ជម្រាបជូនថា បច្ចុប្បន្ន NATO មានសមាជិកសរុបចំនួន ៣២ ប្រទេស ដោយក្នុងនោះរួមមានសហរដ្ឋអាមេរិក កាណាដា និងប្រទេសអឺរ៉ុបចំនួន ៣០។ ប៉ុន្មានថ្ងៃបន្ទាប់ពីឡើងកាន់តំណែង លោក ត្រាំ បានប្រកាសថា “សហរដ្ឋអាមេរិកកំពុងការពារសមាជិកសម្ព័ន្ធមិត្ត ប៉ុន្តែពួកគេមិនដែលការពារយើងវិញទេ” ។ មិនតែប៉ុណ្ណោះ លោក ត្រាំ បានព្យាយាមជំរុញម្តងហើយម្តងទៀតឲ្យសមាជិកណាតូទាំងអស់ចំណាយ ៥% នៃផលិតផលក្នុងស្រុកសរុបរបស់ពួកគេ សម្រាប់វិស័យការពារជាតិ ដែលបច្ចុប្បន្នមានការចំណាយត្រឹមតែ ២% ប៉ុណ្ណោះ៕