អាមេរិក ពិចារណាហាមឃាត់ការប្រើប្រាស់កម្មវិធី DeepSeek ពីឧបករណ៍រដ្ឋាភិបាល

អន្តរជាតិ

រដ្ឋបាលរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ នៅក្នុងពេលថ្មីៗនេះ បាននិងកំពុងពិចារណាលើការហាមឃាត់ការប្រើប្រាស់កម្មវិធី AI chatbot DeepSeek របស់ប្រទេសចិន ពីឧបករណ៍របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ជុំវិញការព្រួយបារម្ភអំពីសន្តិសុខជាតិ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព



ក្រុមមន្ត្រីសហរដ្ឋអាមេរិក ហាក់មានការព្រួយបារម្ភខ្លាំងអំពីការគ្រប់គ្រងរបស់ DeepSeek លើទិន្នន័យអ្នកប្រើប្រាស់ បន្ទាប់ពីក្រុមហ៊ុននេះធ្លាប់បាននិយាយថា ខ្លួនរក្សាទុកទិន្នន័យរបស់អ្នកប្រើប្រាស់ទាំងអស់នៅក្នុងម៉ាស៊ីនមេដែលមានទីតាំងក្នុងប្រទេសចិន ។ នេះបើយោងតាមការឲ្យដឹងពីកាសែត Wall Street Journal ។

ទន្ទឹមនឹងនេះ មន្ត្រីរដ្ឋបាលរបស់លោក ត្រាំ ក៏កំពុងពិចារណាលើការហាមឃាត់កម្មវិធី AI chatbot ពីលើកម្មវិធី App Stores ដទៃទៀតផងដែរ ក៏ដូចជាដាក់កម្រិតលើរបៀបដែលក្រុមហ៊ុនផ្តល់សេវា Cloud មានមូលដ្ឋាននៅសហរដ្ឋអាមេរិក អាចផ្តល់ជូននូវគំរូ AI របស់ DeepSeek ដល់អតិថិជនរបស់ពួកគេ ដោយបន្ថែមថាការពិភាក្សាទាំងនោះ នៅតែស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយ។

ជម្រាបជូនផងដែរថា ម៉ូដែល AI ថ្មី ដែលមានតម្លៃទាបរបស់ DeepSeek បានបង្កឲ្យមានភាព​រង្គោះរង្គើ​នៅក្នុងទីផ្សារភាគហ៊ុនសកលយ៉ាងខ្លាំង កាលពីក្នុងខែមករា ដោយសារអ្នកវិនិយោគព្រួយបារម្ភថាការមកដល់របស់កម្មវិធីរបស់ចិននេះ អាចគំរាមកំហែងដល់ក្រុមហ៊ុនផលិត AI ខ្នាតយក្សធំៗនាពេលបច្ចុប្បន្ន។

យ៉ាងណាមិញ គិតមកទល់ពេលនេះ មានក្រុមមេធាវីរដ្ឋចំនួន ២១ នាក់ហើយ បានជំរុញឲ្យសភា ដើម្បីអនុម័តច្បាប់ថ្មីមួយ ក្នុងគោលបំណងរារាំងឧបករណ៍រដ្ឋាភិបាលពីការទាញយក និងប្រើប្រាស់កម្មវិធីបញ្ញាសិប្បនិម្មិត DeepSeek នៅលើឧបករណ៍រដ្ឋាភិបាល៕