ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យ ទី៩ ខែមីនាកន្លងទៅថា រដ្ឋបាលរបស់លោកកំពុងទាក់ទងជាមួយក្រុមហ៊ុនបួនផ្សេងគ្នា អំពីការលក់ប្រព័ន្ធផ្សព្វផ្សាយសង្គម TikTok ដែលគ្រប់គ្រងដោយប្រទេសចិន ហើយជម្រើសទាំងនោះគឺសុទ្ធសឹងតែល្អៗដូចគ្នា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
គួរឲ្យដឹផងដែរថា ជោគវាសនារបស់កម្មវិធី TikTok នៅអាមេរិក បានធ្លាក់ចូលទៅក្នុងស្ថានភាពមិនប្រាកដប្រជា ពោលគឺចាប់តាំងពីច្បាប់ដែលតម្រូវឲ្យក្រុមហ៊ុនមេ ByteDance លក់កម្មវិធីនេះចេញ ឬមួយប្រឈមនឹងការហាមឃាត់ទាំងស្រុង ដោយសារតែមានការព្រួយបារម្ភទៅលើបញ្ហាសន្តិសុខជាតិ។ ប៉ុន្តែទោះជាយ៉ាងណា ក្រោយលោក ដូណាល់ ត្រាំ ចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករាមក លោកបានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដោយផ្តល់ការពន្យារពេល ៧៥ថ្ងៃ ជុំវិញការអនុវត្តច្បាប់ហាមឃាត់នេះ។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ នៅពេលត្រូវបានគេសួរថាតើនឹងមានកិច្ចព្រមព្រៀងលើការលក់កម្មវិធី TikTok ក្នុងពេលឆាប់ៗនេះទេ ខណ:ភ្លាមនោះ លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មានអំឡុងពេលធ្វើដំណើរនៅលើយន្តហោះ Air Force One ថា៖ “វាអាចទៅរួច”។
លោកបានបន្ថែមថា “យើងកំពុងដោះស្រាយជាមួយក្រុមហ៊ុនធំៗបួនផ្សេងគ្នា ហើយមនុស្សជាច្រើនចង់បានកម្មវិធីនេះ ជម្រើសក្រុមហ៊ុនទាំងបួននោះ គឺសុទ្ធសឹងតែល្អៗ” ។
ជម្រាបជូនផងដែរថា ភាពមិនប្រាកដប្រជារបស់កម្មវិធី TikTok នៅអាមេរិក ក្នុងពេលកន្លងមកនេះ បានទាក់ទាញអ្នកទិញដ៏មានសក្តានុពលជាច្រើន រួមទាំងអតីតម្ចាស់ក្រុមហ៊ុន Los Angeles Dodgers លោក Frank McCourt ផងដែរ ជាមួយនឹងការដាក់សំណើរទិញយកក្នុងចំនួនទឹកប្រាក់រហូតដល់ទៅប្រមាណ ៥០ពាន់លានដុល្លារឯណោះ៕