រដ្ឋមន្ត្រីការបទេសអាមេរិក លោក Marco Rubio បានបង្ហាញឲ្យដឹងកាលពីពេលថ្មីៗនេះថា សហរដ្ឋអាមេរិក កំពុងលុបចោលកម្មវិធីរហូតដល់ទៅ ៨៣% នៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ ហៅកាត់ USAID ចំពេលរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ព្យាយាមកាត់បន្ថយការចំណាយណាមួយដែលមិនសមរម្យ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។
រដ្ឋមន្ត្រីការបរទេសរូបនេះ ក៏បានបង្ហោះសារមួយនៅលើបណ្តាញសង្គម X កាលពីថ្ងៃទី១០ ខែមីនា ដោយនិយាយថា៖”បន្ទាប់ពីបានពិនិត្យឡើងវិញអស់រយ:ពេលប្រាំមួយសប្តាហ៍មក យើងបានឈានដល់ការលុបចោលជាផ្លូវការនូវកម្មវិធីចំនួន ៨៣% របស់ទីភ្នាក់ងារ USAID”។
យ៉ាងណាមិញ ក្រោយពីការលុបចោលនេះ លោក Rubio បានសង្កត់ធ្ងន់ទៀតថា បច្ចុប្បន្នកម្មវិធីដែលនៅសល់សេសមានចំនួនត្រឹមតែប្រមាណ ១ ០០០ ប៉ុណ្ណោះនៃទីភ្នាក់ងារ USAID ហើយវានឹងត្រូវបានផ្តល់ការគ្រប់គ្រងដោយក្រសួងការបរទេសវិញ បន្ទាប់ពីបុគ្គលិករបស់ទីភ្នាក់ងារនេះភាគច្រើនត្រូវបានព្យួរ ឬបណ្តេញចេញពីតំណែង គិតចាប់តាំងពីខែមករាមក។
គួរឲ្យដឹងផងដែរថា កាលពីខែមករា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដោយទាមទារឲ្យមានការបង្កកជំនួយបរទេសទាំងអស់របស់សហរដ្ឋអាមេរិក សម្រាប់រយៈពេល ៩០ថ្ងៃ ដើម្បីទុកពេលឲ្យរដ្ឋបាលរបស់លោក វាយតម្លៃ និងពិនិត្យមើលឡើងវិញចំពោះការចំណាយនៅក្រៅប្រទេស។ ហើយជាមួយគ្នានោះ ទីភ្នាក់ងារ USAID គឺជាទីភ្នាក់ងារមួយក្នុងចំណោមទីភ្នាក់ងារដែលត្រូវបានផ្តោតខ្លាំងបំផុត ដោយប្រធានាធិបតី និងអង្គភាព DOGE របស់លោក Elon Musk ។
ជម្រាបជូនផងដែរថា ទាំងលោក ត្រាំ និងសម្ព័ន្ធមិត្តបានប្រកែកថា ជំនួយបរទេសគឺជាការខ្ជះខ្ជាយ ហើយវាមិនបានបម្រើផលប្រយោជន៍ណាមួយដល់សហរដ្ឋអាមេរិកនោះឡើយ។ ប៉ុន្តែទន្ទឹមនឹងនេះ ខាងក្រុមប្រឆាំងវិញបាននិយាយថា ជំនួយទាំងនេះមានផលប្រយោជន៍ច្រើនចំពោះអាមេរិក ដូចជាការលើកកម្ពស់ស្ថិរភាព និងការកែលម្អការថែទាំសុខភាពនៅបរទេស ជាដើម៕