ប៉ូលិសហ្វីលីពីនកំពុងអនុវត្តដីកាចាប់ខ្លួនដែលចេញដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ទៅលើអតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ដែលត្រូវបានចោទប្រកាន់ថាបានសម្លាប់មនុស្សអស់រាប់ពាន់នាក់ ក្នុងអំឡុងសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោកពេលកំពុងកាន់តំណែង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។
អតីតប្រធានហ្វីលីពីន លោក Duterte ត្រូវបានចាប់ខ្លួន នៅព្រឹកថ្ងៃទី១១ ខែមីនានេះ ភ្លាមៗបន្ទាប់ពីលោកបានមកដល់អាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino ក្នុងទីក្រុងម៉ានីល។ វិមានប្រធានាធិបតីហ្វីលីពីន បាននិយាយថា ប៉ូលីសកំពុងអនុវត្តដីកាចាប់ខ្លួនដែលចេញដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ប្រឆាំងនឹងលោក Duterte ពាក់ព័ន្ធនឹងយុទ្ធនាការប្រឆាំងគ្រឿងញៀនរបស់លោកពេលកំពុងកាន់តំណែង។
គួរឲ្យដឹងផងដែរថា លោក Duterte បានត្រឡប់មកទីក្រុងម៉ានីលវិញ ពីទីក្រុងហុងកុង តាមជើងហោះហើរ CX907 របស់ក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific នៅព្រឹកព្រលឹមថ្ងៃទី១១ ខែមីនា។ហើយយ៉ាងណាមិញ នៅពេលដែលលោក បានដើរចេញពីច្រក ១១៦ នៅអាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino មន្រ្តីប៉ូលីសមកពីនាយកដ្ឋានយុត្តិធម៌ នាយកដ្ឋានស៊ើបអង្កេតឧក្រិដ្ឋកម្ម (CIDG) និងសមាជិកនៃ ICC បានរង់ចាំលោករួចជាស្រេច ហើយឈានដល់ការចាប់ខ្លួនតែម្តង។
ក្រោយពេលចាប់ខ្លួន ក្រុមប៉ូលីសបាននាំលោក Duterte ទៅកាន់ស្ថានីយ៍មួយផ្សេងទៀត។ ហើយបើតាមប្រភពមួយចំនួនបានបង្ហាញឲ្យដឹងថា អតីតប្រធានាធិបតីរូបនេះ អាចនឹងត្រូវនាំខ្លួនទៅកាន់ Camp Crame ដែលជាទីស្នាក់ការរបស់ប៉ូលិសជាតិហ្វីលីពីន ដើម្បីឃុំខ្លួនបណ្តោះអាសន្ន។
យ៉ាងណាមិញ ក្រោយការចាប់ខ្លួននេះ វិមានប្រធានាធិបតីហ្វីលីពីនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖”នៅព្រឹកនេះ ការិយាល័យទីក្រុងម៉ានីលរបស់ Interpol បានទទួលដីកាចាប់ខ្លួនជាផ្លូវការពី ICC។ លោក Duterte ស្ថិតក្នុងការឃុំឃាំងរបស់អាជ្ញាធរ ហើយគាត់មានសុខភាពល្អ”។
ជម្រាបជូនផងដែរថា សង្រ្គាមប្រឆាំងគ្រឿងញៀន គឺជាគោលនយោបាយដ៏សំខាន់បំផុត ដែលបានជួយឲ្យលោក Duterte ឡើងកាន់អំណាចជាប្រធានាធិបតីហ្វីលីពីន កាលពីឆ្នាំ២០១៦។ លោក Duterte បានដកហ្វីលីពីនដោយឯកតោភាគី ចេញពីសន្ធិសញ្ញារបស់ ICC កាលពីឆ្នាំ២០១៩ នៅពេលដែលតុលាការអន្តរជាតិនេះ ចាប់ផ្តើមពិនិត្យមើលជាលើកដំបូងលើការចោទប្រកាន់ អំពីការសម្លាប់មនុស្សជាប្រព័ន្ធនៅក្រៅច្បាប់ អំឡុងសង្រ្គាមបង្រ្កាបគ្រឿងញៀនរបស់លោក៕