ចិន បង្កើនការទិញមាសទុកជាទុនបម្រុងរបស់ខ្លួនសម្រាប់រយ:ពេល ៤ខែជាប់ៗគ្នា

អន្តរជាតិ

យោងតាមទិន្នន័យមួយដែលត្រូវបានចេញផ្សាយដោយធនាគារប្រជជាតិចិន (PBOC) កាលពីពេលថ្មីៗនេះ បានបង្ហាញឲ្យដឹងថា ទីភ្នាក់ងារបានបន្តបង្កើនការទិញមាសសម្រាប់រយ:ពេល ៤ខែជាប់ៗគ្នា បើទោះបីជាតម្លៃមាសកំពុងបន្តកើនឡើងខ្ពស់ក៏ដោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គិតត្រឹមចុងខែកុម្ភ:ទុនបម្រុងមាសរបស់ប្រទេសចិន មានចំនួនសរុប ៧៣,៦១ លានត្រយអោន (២ ២៨៩ តោន) កើនឡើងពី ៧៣,៤៥ លានត្រយអោន (២ ២៨៤ តោន) នៅចុងខែមករាកន្លងទៅ។ យ៉ាងណាមិញ​សម្រាប់តម្លៃមាសស្តុកទុកនេះ ក៏បានកើនឡើងពី ២០៦,៥ពាន់លានដុល្លារ ដល់ ២០៨,៦ពាន់លានដុល្លារ ផងដែរ។

ទន្ទឹមនឹងនេះ បើតាមលោក Frank Watson អ្នកវិភាគទីផ្សារមាសបានមានប្រសាសន៍ថា ៖”សកម្មភាពរបស់ PBOC ក្នុងការបង្កើនការទិញមាសទុកជាទុនបម្រុងរបស់ខ្លួននេះ គឺជាកត្តាដ៏សំខាន់មួយដែលគាំទ្រដល់ទីផ្សារមាស។ ហើយការបន្តទិញរបស់ពួកគេកាលពីខែកុម្ភៈ អាចជួយឲ្យតម្លៃឡើងកាន់តែថ្លៃ” ។

ថ្មីៗនេះ តម្លៃមាសពិភពលោកបានហាក់ឡើងដល់កម្រិតកំណត់ត្រាថ្មីៗជាបន្តបន្ទាប់ ដោយសារអស្ថិរភាព និងការព្រួយបារម្ភអំពីផលប៉ះពាល់នៃពន្ធនាំចូលរបស់សហរដ្ឋអាមេរិក។ ចាប់តាំងពីដើមឆ្នាំនេះតម្លៃមាសបានកើនឡើង ១០% នៅចំណុចខ្ពស់បំផុតមួយដែលឈានដល់ ២ ៩៥៦ដុល្លារក្នុងមួយអោន។ កាលពីឆ្នាំមុនតម្លៃបានកើនឡើង ២៧% ពោលគឺជាការកើនខ្ពស់បំផុតមិនធ្លាប់មាន ក្នុងរយៈពេល ១៤ឆ្នាំចុងក្រោយ។

ជម្រាបជូនថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានដាក់ពន្ធ ២០% បន្ថែមទៀតលើការនាំចេញរបស់ចិនទាំងអស់រួចហើយ ខណ:រដ្ឋាភិបាលទីក្រុងប៉េកាំង ក៏បានប្រកាសពីផែនការពន្ធគយសឹកសឹងវិញផងដែរ។ នៅក្នុងសម័យប្រជុំបើកសន្និបាតប្រជាជនជាតិកាលពីដើមឆ្នាំនេះ មន្ត្រីចិនបាននិយាយថាពួកគេនឹងបង្កើនការគាំទ្រសម្រាប់ការប្រើប្រាស់ និងកាត់បន្ថយផលប៉ះពាល់នៃសង្គ្រាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ជាមួយនឹងការពន្លឿនការស្តុកទុកទំនិញយុទ្ធសាស្ត្រ រួមទាំងមាស ផងដែរ។

ទន្ទឹមនឹងនេះ យោងតាមក្រុមប្រឹក្សាមាសពិភពលោក (WGC) បានបង្ហាញឲ្យដឹងថា ធនាគារកណ្តាលចិន បានទិញមាសសរុបជាង ១ ០០០ តោនក្នុងមួយឆ្នាំៗ អស់រយៈពេល ៣ឆ្នាំកន្លងមកហើយ ស្របពេលមានការរំពឹងខ្ពស់ថាពួកគេនឹងបន្តទិញកាន់តែច្រើនបន្ថែមទៀត ក្នុងឆ្នាំនេះ៕