ការលក់រថយន្តរបស់ប្រទេសចិន បានកើនឡើងប្រមាណ ១,៣% ក្នុងរយ:ពេលពីរខែដំបូងនៃឆ្នាំ២០២៥ នេះ បើធៀបទៅនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន ដោយសារតែដាក់ចេញនូវកម្មវិធីឧបត្ថម្ភធនរបស់រដ្ឋាភិបាល ដែលបានបន្ថែមនូវតម្រូវការរថយន្តកើនឡើង ចំពេលមានសង្គ្រាមនៃការប្រកួតប្រជែងតម្លៃគ្នានៃរថយន្តអគ្គិសនីឆ្លាតវៃផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
យោងតាមទិន្នន័យពីសមាគមរថយន្តដឹកអ្នកដំណើរចិន (CPCA) បានបង្ហាញកាលឲ្យដឹងពីថ្ងៃទី១០ ខែមីនាកន្លងទៅថា ការលក់រថយន្តដឹកអ្នកដំណើរនៅក្នុងប្រទេស បានកើនឡើង ២៦,១% ក្នុងអត្រាប្រចាំឆ្នាំ ដល់ចំនួនសរុប ១,៤១លានគ្រឿង ក្នុងខែកុម្ភៈ បន្ទាប់ពីមានការធ្លាក់ចុះ ១២% នៅក្នុងខែមករា។
ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក Wang Wentao បាននិយាយកាលពីសប្តាហ៍មុនថា ផែនការរបស់រដ្ឋាភិបាលលើពាណិជ្ជកម្មទំនិញប្រើប្រាស់ បានគ្របដណ្ដប់លើរថយន្តជាង ១ លានគ្រឿង គិតមកទល់ពេលនេះ។
មិនតែប៉ុណ្ណោះ លោក Cui Dongshu អគ្គលេខាធិការនៃ CPCA បាននិយាយទៀតថា កម្មវិធីឧបត្ថម្ភធនទាំងនៅកម្រិតរដ្ឋាភិបាលកណ្តាល និងមូលដ្ឋាន ត្រូវបានគេរំពឹងថា នឹងផ្តល់អត្ថប្រយោជន៍ដល់រថយន្តរហូតដល់ចំនួន ១៥ លានគ្រឿង នៅឆ្នាំនេះ។
ជម្រាបជូនផងដែរថា ការឧបត្ថម្ភធនលើការជួញដូររថយន្តបានឡើងដល់កម្រិតកំពូល ជាមួយនឹងរថយន្តលក់រចេញសរុបបានចំនួន ៦,៨ លានគ្រឿងកាលពីឆ្នាំមុន ដោយក្នុងនោះមានអ្នកចូលរួមនៅក្នុងកម្មវិធីឧបត្ថម្ភធននេះ ប្រមាណ ៦០% នៅក្នុងការជ្រើសរើសដោះដូររថយន្តចាស់របស់ខ្លួន សម្រាប់រថយន្ត EV និង Plug-in hybrid ថ្មីជំនួសវិញ។
យ៉ាងណាមិញ ចំពោះការលក់រថយន្ត EV និង plug-in hybrid នៅក្នុងប្រទេសចិនវិញ ក៏បានកើនឡើង ៧៩,៧% ផងដែរ គិតនៅត្រឹមខែកុម្ភ: ឬស្មើនឹង ៤៨,៨% នៃការលក់រថយន្តសរុបរបស់ចិនកាលពីខែមុន៕