លោក ត្រាំ គ្រោងអញ្ជើញមេដឹកនាំអ៊ុយក្រែន លោក Zelensky មកកាន់សេតវិមានម្តងទៀត

អន្តរជាតិ

ប្រធានាធិបតីអាមេរិក​ លោក ដូណាល់ ត្រាំ បាននិយាយថា លោកបានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីជួបគ្នាដោយផ្ទាល់ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky នៅសេតវិមានម្តងទៀត ដើម្បីជំរុញការចរចាសន្តិភាព។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មិនតែប៉ុណ្ណោះ លោកប្រធានាធិបតីអាមេរិក បាននិយាយកាលពីថ្ងៃទី១១ ខែមីនាថា លោកអាចនឹងពិភាក្សាជាមួយមេដឹកនាំអ៊ុយក្រែនលោក Zelensky សារជាថ្មីម្តងទៀតដើម្បីជំរុញការចរចាសន្តិភាព បើទោះបីជាមានភាពតានតឹងរវាងភាគីទាំងពីរ បន្ទាប់ពីកិច្ចប្រជុំនៅសេតវិមានកាលពីថ្ងៃទី២៨ ខែកុម្ភៈកន្លងទៅក៏ដោយ។

យ៉ាងណាមិញ នៅពេលត្រូវបានសួរថាតើលោក Zelensky អាចនឹងត្រូវបានអញ្ជើញឲ្យត្រឡប់ទៅសេតវិមានវិញជាថ្មីម្តងទៀត ឬយ៉ាងណា ខណ:ភ្លាមនោះលោក ត្រាំ បានឆ្លើយតបវិញថា “បាទ! ពិតប្រាកដណាស់” ។

គួររម្លឹកផងដែរថា កិច្ចប្រជុំកាលពីខែមុន នៅក្នុងការិយាល័យរាងពងក្រពើដែលបានបញ្ចប់ទៅនៅក្នុងជម្លោះដ៏ក្តៅគគុករវាងលោក Zelensky និងប្រធានាធិបតី លោក ត្រាំ រួមទាំងអនុប្រធានាធិបតី JD Vance ផងនោះ ហាក់បានធ្វើឲ្យទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែនកាន់តែមានភាពតានតឹងខ្លាំងឡើងបន្ថែមទៀត។

បន្ទាប់មក រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានរិះគន់ទីក្រុងគៀវ ចំពោះការមិនត្រៀមខ្លួនសម្រាប់សន្តិភាព ដោយបានផ្អាកជំនួយយោធា និងកម្មវិធីចែករំលែកព័ត៌មានសម្ងាត់ជាមួយអ៊ុយក្រែន។ ទន្ទឹមនឹងនោះ មន្ត្រីអាមេរិកក៏បានពិភាក្សាជាសាធារណៈអំពីលទ្ធភាពដែលលោក Zelensky អាចចុះចេញពីតំណែង ដើម្បីបន្តកិច្ចសហប្រតិបត្តិការឡើងវិញ។

ប៉ុន្តែទោះជាយ៉ាងណាក្តី មេដឹកនាំនៃភាគីប្រទេសទាំងពីរ ហាក់បានបន្ទន់ជំហររបស់ពួកគេវិញ នៅត្រឹមតែរយ:ពេលពីរបីថ្ងៃប៉ុណ្ណោះ ក្រោយកើតមានជម្លោះពាក្យសម្តីនេះ។

យ៉ាងណាមិញ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយបន្ទាប់ពីមានកិច្ចពិភាក្សារវាងមន្ត្រីអ៊ុយក្រែន និងអាមេរិក នៅប្រទេសអារ៉ាប៊ីសាអូឌីត រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានប្រកាសថា ខ្លួននឹងស្តារការចែករំលែកព័ត៌មានសម្ងាត់ឡើងវិញភ្លាមៗ ហើយបន្តជំនួយផ្នែកយោធាដល់ទីក្រុងគៀវ ផងដែរ។ ជាមួយគ្នានោះ រដ្ឋបាលរបស់លោក Zelensky ក៏បានបង្ហាញពីការត្រៀមខ្លួន ក្នុងការទទួលយកសំណើសម្រាប់បទឈប់បាញ់រយៈពេល ៣០ថ្ងៃជាបណ្តោះអាសន្ន ហើយសហរដ្ឋអាមេរិក នឹងបញ្ចុះបញ្ចូលរុស្ស៊ីឲ្យធ្វើការប្តេជ្ញាចិត្តស្រដៀងគ្នានេះ ផងដែរ៕