លោក ត្រាំ ទិញរថយន្ត Tesla ថ្មីស្រឡាងមួយគ្រឿង ដើម្បីគាំទ្រដល់មហាសេដ្ឋី Elon Musk

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ បានទិញរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Tesla ពណ៌ក្រហមមួយគ្រឿង ហើយបានទទួលយកវានៅក្នុងអំឡុងព្រឹត្តិការណ៍មួយនៅឯខាងក្រៅសេតវិមាន ដោយមានការចូលរួមពីសំណាក់ មហសេដ្ឋីមានដាច់គេលើលោក Elon Musk ផងដែរ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន Fox News។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាមិញ ដោយថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃទី១១ ខែមីនា ប្រធានាធិបតីអាមេរិក លោក ត្រាំ បាននិយាយថា លោកនឹងចុះហត្ថលេខាលើមូលប្បទានប័ត្រមួយដើម្បីទូទាត់ថ្លៃរថយន្ត Tesla ទៅឲ្យលោក Musk។ លោក ត្រាំ បាននិយាយទៀតថា ៖”ខ្ញុំដឹងថាលោក Musk អាចនឹងផ្តល់ឲ្យខ្ញុំនូវការបញ្ចុះតម្លៃជាច្រើនសម្រាប់ការទិញរថយន្តរបស់គាត់ ប៉ុន្តែនិយាយដោយស្មោះត្រង់ទៅ ខ្ញុំមិនបានស្នើសុំវាទេ។ ខ្ញុំជាប្រធានាធិបតីនៃសហរដ្ឋអាមេរិក ដូច្នេះខ្ញុំចង់បង់ប្រាក់ពេញ” ។

គួរឲ្យដឹងផងដែរថា រថយន្ត Tesla ដែលលោក ត្រាំ បានទិញនោះ គឺរថយន្ត Tesla Model S ពណ៌ក្រហម ខណ:លោកប្រធានាធិបតីអាមេរិករូបនេះ បាននិយាយបន្ថែមទៀតថា ៖”មូលហេតុចម្បងដែលខ្ញុំទិញរថយន្តនេះ គឺដោយសារតែវាគឺជាផលិតផលដ៏អស្ចារ្យ ជាផលិតផលដែលល្អបំផុត និងផលិតដោយ Elon Musk ដែលគាត់បានលះបង់អស់ពីចិត្ត និងជីវិតរបស់គាត់ ដើម្បីធ្វើការអភិវឌ្ឍវា”។

ជុំវិញការទិញរថយន្ត Tesla របស់លោក ត្រាំ នេះ ត្រូវបានធ្វើឡើងដើម្បីបង្ហាញពីការគាំទ្រចំពោះក្រុមហ៊ុន Tesla ក្រោយពីមានការធ្វើ​ពហិការ និងការរិះគន់យ៉ាងច្រើន ពាក់ព័ន្ធទៅនឹងមុខតំណែងរបស់ស្ថាបនិកក្រុមហ៊ុន លោក Elon Musk នៅក្នុងអង្គភាពប្រសិទ្ធិភាពរដ្ឋាភិបាលអាមេរិក ហៅកាត់ DOGE ដែលទទួលបន្ទុកលើការកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាល និងបុគ្គលិកនៅទូទាំងទីភ្នាក់ងាររដ្ឋនានា។ ​

មិនតែប៉ុណ្ណោះ ប្រធានាធិបតីលោក ត្រាំ​ បាននិយាយទៀតថា ៖ “លោក Musk ត្រូវបានប្រព្រឹត្តដោយអយុត្តិធម៌បំផុត ដោយមនុស្សមួយក្រុមតូច។ ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា ការដែលគាត់ជាអ្នកស្នេហាជាតិ មិនមែនជាហេតុផលដែលគាត់ត្រូវបានគេដាក់ទណ្ឌកម្មណាមួយនោះទេ។ លោក Musk គឺជាអ្នកស្នេហាជាតិដ៏អស្ចារ្យ ហើយបានធ្វើការងារមិនគួរឲ្យជឿជាមួយ Tesla” ។

បន្ថែមលើនេះ លោក ត្រាំ បាននិយាយទៀតថា លោកនឹងមិនសាកល្បងបើកបររថយន្តនេះ ដោយខ្លួនឯងនោះទេ ព្រោះថាតំណែងជាប្រធានាធិបតីមិនត្រូវបានអនុញ្ញាតឲ្យបើកបរដោយផ្ទាល់នោះឡើយ ផ្ទុយទៅវិញ បុគ្គលិកសេតវិមាន រួមទាំងទីប្រឹក្សាទំនាក់ទំនងលោក Margo Martin និងជាអ្នកបើកបររថយន្ត Tesla នេះជូនលោកវិញ៕