ប្រទេសកាណាដា កាលពីពេលថ្មីៗណេះ បានប្រកាសដាក់ពន្ធសងសឹកទៅលើទំនិញរបស់អាមេរិកដែលមានតម្លៃដល់ទៅ ២០,៦ពាន់លានដុល្លារ ដែលនឹងចាប់ផ្តើមពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនានេះតទៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
ជុំវិញវិធានការពន្ធគយសងសឹកថ្មីរបស់កាណាដានេះ នឹងត្រូវអនុវត្តជាពិសេសចំពោះផលិតផលដែលនាំចូលពីអាមេរិក រួមមាន ដែកថែមមានតម្លៃ ៤,៧ពាន់លានដុល្លារ អាលុយមីញ៉ូមមានតម្លៃ ២,១ពាន់លានដុល្លារ និងទំនិញផ្សេងៗទៀតមានតម្លៃ ៩,៨ពាន់លានដុល្លារ ដោយក្នុងនោះរួមមានដូចជាកុំព្យូទ័រ សម្ភារ:កីឡា និងផលិតដែកស្មិតជាដើម។
រដ្ឋមន្ត្រីហិរញ្ញវត្ថុកាណាដា លោក Dominic LeBlanc បាននិយាយថា ការសម្រេចចិត្តដាក់ពន្ធគយសងសឹករបស់កាណាដានេះ ត្រូវបានធ្វើឡើង ដើម្បីជាការប្រឆាំងទៅនឹងពន្ធដែកថែប និងអាលុយមីញ៉ូមរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានចូលជាធរមានកាលពីថ្ងៃពុធ ទី១២ ខែមីនា កន្លងទៅ ។ បច្ចុប្បន្ន ប្រទេសកាណាដា គឺជាអ្នកផ្គត់ផ្គង់ដែកថែប និងអាលុយមីញ៉ូមដ៏ធំបំផុតទៅកាន់សហរដ្ឋអាមេរិក។
ជម្រាបជូនផងដែរថា ភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងកាណាដា បាននឹងកំពុងកើនកម្តៅខ្លាំងឡើង នាពេលថ្មីៗនេះ។ កាលពីដើមខែកុម្ភៈកន្លងទៅ លោក ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដែលកំណត់យកពន្ធនាំចូលលើទំនិញទាំងអស់ពីប្រទេសកាណាដា និងម៉ិកស៊ិក។ ពន្ធគយនេះ ត្រូវបានសម្រេចដាក់ឲ្យចូលជាធរមាននៅថ្ងៃទី៤ ខែមីនា ដោយតម្រូវឲ្យប្រទេសទាំងពីរបង់ ២៥% រាល់ទំនិញរបស់ពួកគេទាំងអស់។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ប៉ុន្មានថ្ងៃក្រោយមក សហរដ្ឋអាមេរិក បានប្រកាសថា ខ្លួននឹងពន្យារពេលលើការយកពន្ធគយលើរថយន្ត និងផលិតផលសំខាន់ៗផ្សេងទៀតរបស់ប្រទេសទាំងពីរ ដែលគ្របដណ្តប់ដោយកិច្ចព្រមព្រៀងអាមេរិក-ម៉ិកស៊ិក-កាណាដា (USMCA) ក្នុងរយ:ពេលជិតមួយខែវិញ ដើម្បីស្វែងរកការចរចាលើកិច្ចព្រមព្រៀងបន្ថែមទៀត៕