អតិផរណាអាមេរិក ធ្លាក់ចុះខ្លាំងជាងការរំពឹងទុកក្នុងខែកុម្ភ: ចំពេលលោក ត្រាំ ដាក់ពន្ធ

អន្តរជាតិ

អត្រាអតិផរណារបស់សហរដ្ឋអាមេរិក បានធ្លាក់ចុះច្រើនជាងគេរំពឹងទុក នៅក្នុងខែកុម្ភ:កន្លងទៅ ពោលគឺបានថយចុះជាលើកដំបូង ក្នុងរយ:ពេល ៥ខែចុងក្រោយ ចំពេលវិធានការពន្ធគយរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ហាក់កំពុងផ្តល់ការគំរាមកំហែងដល់ការរស់នៅរបស់ពលរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមទិន្នន័យពីការិយាល័យស្ថិតិការងារអាមេរិក បានបង្ហាញឲ្យដឹងកាលពីថ្ងៃពុធកន្លងទៅថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) ដែលត្រូវបានប្រើសម្រាប់វាស់វែងការប្រែប្រួលតម្លៃទំនិញ និងសេវាកម្ម ពោលគឺត្រូវបានហៅថាអតិផរណានោះ បានកើនឡើងត្រឹមតែ ២,៨% ប៉ុណ្ណោះ​ក្នុងអត្រាប្រចាំឆ្នាំ នៅក្នុងខែកុម្ភ: ដែលនេះទាបជាង ០,២% បើធៀបទៅនឹងអត្រាកំណើន ៣% នៅក្នុងខែមករា។

ដោយផ្នែកលើមូលដ្ឋានប្រចាំខែ អតិផរណា ក៏បានធ្លាក់ចុះទាបជាងការរំពឹងទុកផងដែរ។ តម្លៃទំនិញប្រើប្រាស់ បានកើនឡើង ០,២% ប៉ុណ្ណោះ ក្នុងខែកុម្ភៈ ធៀបនឹងខែមុន ដែលធ្លាក់ចុះពីការកើនឡើង ០,៥% នៅក្នុងខែមករា។ ចំណែកឯកតម្លៃ CPI ស្នូលវិញ បានកើនឡើងត្រឹមតែ ០,២% បើធៀបទៅនឹងការកើនឡើង ០,៤% នៅក្នុងខែមករា។

ទន្ទឹមនឹងនេះ តម្លៃគ្រឿងទេសនៅតែមិនមានការផ្លាស់ប្តូរកាលពីខែមុន គិតចាប់តាំងពីខែមករាមក ស្របពេលដែលតម្លៃស៊ុត បានកើនឡើងដល់ ១០,៤% ក្នុងខែកុម្ភៈ ដោយតម្លៃនេះបានកើនឡើងដល់ទៅ ៦០% ​ឯណោះ បើធៀបទៅនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រុមសេដ្ឋវិទូ បានបង្ហាញក្តីរំពឹងថាអតិផរណារបស់សហរដ្ឋអាមេរិក នឹងមានការកើនឡើងតិចតួចបំផុត សម្រាប់ខែមីនានេះផងដែរ ចំពេលតម្លៃឧស្ម័នធ្លាក់ចុះ ប៉ុន្តែនៅតែអាចបង្កធ្វើឲ្យមានអតិផរណា ដោយសារការចំណាយទាក់ទងនឹងលំនៅដ្ឋាន។ ហើយបើតាមការប៉ាន់ប្រមាណដោយ FactSet បានឲ្យដឹងថាអត្រាអត្រាអតិផរណានៅខែមីនានេះ អាចនឹងមានអត្រា ២,៩%។

ជម្រាបជូនផងដែរថា ឥទ្ធិពលដ៏ធំនៃផែនការពន្ធគយរបស់លោក ត្រាំ បានធ្វើឲ្យតម្លៃទំនិញ នៅតែមិនមានភាពច្បាស់លាស់សម្រាប់ពេលនេះ។ កាតព្វកិច្ចពន្ធនេះ បានធ្វើឲ្យទីផ្សារហិរញ្ញវត្ថុកំពុងមានការកើនឡើង ហើយអាចធ្វើឲ្យសេដ្ឋកិច្ចធ្លាក់ចុះយ៉ាងខ្លាំងផងដែរ ស្របពេលអ្នកវិភាគមួយចំនួន មើលឃើញថអត្រានៃវិបត្តិសេដ្ឋកិច្ចកំពុងកើតមានឡើង៕