សហភាពអឺរ៉ុប ដាក់ពន្ធសងសឹកអាមេរិកវិញ ក្រោយ ត្រាំ ប្រកាសយកពន្ធលើដែក និងអាលុយមីញ៉ូម

អន្តរជាតិ

សហភាពអឺរ៉ុប (EU) កាលពីពេលថ្មីៗនេះ បានសម្រេចដាក់ចេញពន្ធសងសឹកលើទំនិញរបស់អាមេរិកដែលមានតម្លៃស្មើនឹងប្រមាណ ២៦ពាន់លានអឺរ៉ូ (២៨ពាន់លានដុល្លារ) ពោលគឺនៅត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីពន្ធគយលើដែកថែប និងអាលុយមីញ៉ូមរបស់សហរដ្ឋអាមេរិក ត្រូវចូលជាធរមាន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប (EC) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី១២ ខែមីនាកន្លងទៅថា ៖”សហភាពអឺរ៉ុបត្រូវតែធ្វើសកម្មភាពឆ្លើយតប ដើម្បីការពារអ្នកប្រើប្រាស់ និងអាជីវកម្ម។ ការឆ្លើយតបរបស់យើងគឺខ្លាំង ប៉ុន្តែមានសមាមាត្រ។ សហរដ្ឋអាមេរិកបានដាក់ពន្ធលើទំនិញអឺរ៉ុបដែលមានតម្លៃ ២៨ពាន់លានដុល្លារ ដូច្នេះយើងបានឆ្លើយតបវិញ ជាមួយនឹងពន្ធលើទំនិញរបស់សហរដ្ឋអាមេរិកដែលមានតម្លៃ ២៨លានដុល្លារដូចគ្នា” ។

គួរឲ្យដឹងផងដែរថា ជុំវិញសេចក្តីប្រកាសស្តីពីវិធានការពន្ធគយថ្មីរបស់អឺរ៉ុបនេះ ត្រូវបានធ្វើឡើងប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីរដ្ឋាភិបាលអាមេរិកបានដកហូតពន្ធគយ ២៥% លើការនាំចូលដែក និងអាលុយមីញ៉ូម ដែលបង្កើតឲ្យមានសង្គ្រាមពាណិជ្ជកម្មដ៏ធំរវាងប្រទេសសម្ព័ន្ធមិត្តដ៏យូរអង្វែងទាំងពីរនេះ។

យ៉ាងណាមិញ តាមរយ:ផែនការពន្ធគយចុងក្រោយនេះ សហភាពអឺរ៉ុប នឹងបែងចែកចេញជាពីរដំណាក់កាល ដោយដំណាក់កាលទីមួយ នឹងត្រូវចាប់ផ្តើមនៅថ្ងៃទី១ ខែមេសា ហើយដំណាក់កាលទីពីរ នឹងចាប់ផ្តើមពីថ្ងៃទី១៣ ខែមេសា។

សម្រាប់ដំណាក់កាលទីមួយ EU នឹងដាក់ពន្ធឡើងវិញលើផលិតផលរបស់អាមេរិកមានតម្លៃប្រហែល ៨ពាន់លានអឺរ៉ូ ដែលធ្លាប់ត្រូវបានផ្អាកកាលពីមុនមក។ រម្លឹកផងដែរថា ក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោក ត្រាំ បន្ទាប់ពីសហរដ្ឋអាមេរិកបានដាក់ពន្ធលើអាលុយមីញ៉ូម និងដែកថែប អឺរ៉ុបក៏បានសងសឹកជាមួយនឹងគោលនយោបាយស្រដៀងគ្នានេះ។ ប៉ុន្តែនៅចុងបញ្ចប់ ភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងមួយជាមួយគ្នានៅឆ្នាំ២០២១ ដោយអាមេរិកបានដកពន្ធមួយផ្នែកចេញ ហើយសហភាពអឺរ៉ុប ក៏បានផ្អាកការដាក់ពន្ធសងសឹកនោះវិញផងដែរ រហូតដល់ពេលនេះ។

ដោយឡែក សម្រាប់ដំណាក់កាលទី២ សហភាពអឺរ៉ុប នឹងកំណត់គោលដៅបន្ថែមលើទំនិញពីសហរដ្ឋអាមេរិកដែលមានតម្លៃដល់ទៅ ១៨ពាន់លានអឺរ៉ូ។ ផលិតផលដែលបានស្នើឡើងក្នុងផែនការពន្ធគយថ្មីនេះ ភាគច្រើនគឺស្ថិតនៅក្នុងវិស័យកសិកម្ម និងឧស្សាហកម្ម ដូចជា អាលុយមីញ៉ូម ដែក វាយនភ័ណ្ឌ ផ្លាស្ទិច បសុបក្សី សាច់គោ ស៊ុត ផលិតផលទឹកដោះគោ ស្ករ បន្លែ និងគ្រឿងប្រើប្រាស់ក្នុងផ្ទះ ជាដើម។

ទោះជាយ៉ាងណាក៏ដោយ លោកស្រី Ursula von der Leyen ក៏បានបញ្ជាក់ពីការត្រៀមខ្លួនរួចរាល់ផងដែរ ក្នុងការចរចាណាមួយប្រកបដោយលទ្ធផល ដោយលោកស្រី បានចាត់តាំងស្នងការពាណិជ្ជកម្ម លោក Maros Sefcovic ឲ្យស្តារការពិភាក្សាជាមួយសហរដ្ឋអាមេរិកឡើងវិញ ផងដែរ៕