ក្រុមហ៊ុន Toyota បានឲ្យដឹងកាលពីថ្ងៃទី១២ ខែមីនាកន្លងទៅថា ខ្លួននឹងដាក់លក់រថយន្តអគ្គិសនីថ្មីៗចំនួន ៩ ម៉ូដែលបន្ថែមទៀត នៅក្នុងទីផ្សារអឺរ៉ុប សម្រាប់ឆ្នាំនេះ និងឆ្នាំ២០២៦ ខាងមុខ សម្រាប់ម៉ាកយីហោទាំង Toyota និង Lexus របស់ខ្លួន ចំពេលកំពុងមានការប្រកួតប្រជែងខ្លាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់ប្រទេសជប៉ុននេះ បាននិយាយទៀតថា ខ្លួននឹងបញ្ចេញលក់រថយន្ត SUV អគ្គិសនីម៉ាកយីហោ Toyota ថ្មីៗចំនួន ៣ ម៉ូដែល នៅឆ្នាំនេះ ដោយក្នុងនោះរួមមាន bZ4X , Urban Cruiser និង C-HR+ ខណ:ស៊េរីថ្មីៗចំនួន ៣ ផ្សេងទៀត នឹងត្រូវបញ្ចេញដាក់លក់នៅឆ្នាំក្រោយ។
ជាមួយគ្នានេះ ក្រុមហ៊ុន Toyota ក៏នឹងដាក់លក់រថយន្ត EV ម៉ាក Lexus របស់ខ្លួនចំនួន ៣ម៉ូដែល នៅអឺរ៉ុប ក្នុងរយៈពេល ១២ខែខាងមុខផងដែរ ដោយនឹងត្រូវចាប់ផ្តើមជាមួយនឹងម៉ូដែល Lexus RZ ដែលជាប្រភេទ SUV អគ្គិសនីថ្មី។
យ៉ាងណាមិញ ជុំវិញផែនការដាក់លករថយន្ត EV ម៉ូដែលថ្មីៗ នៅក្នុងតំបន់អឺរ៉ុបនេះ លោក Simon Humphries អគ្គនាយកក្រុមហ៊ុន Toyota បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖”ការផ្តល់ជម្រើស និងឱកាសគឺជាបេះដូងនៃរថយន្តដែលមានភាពល្អប្រសើរជាងមុខ និងអ្វីគ្រប់យ៉ាងដែលយើងបានធ្វើ” ។
ជម្រាបជូនផងដែរថា ការលក់របស់ក្រុមហ៊ុន Toyota នៅទូទាំងទ្វីបអឺរ៉ុប បានកើនឡើង ១៣,១% នៅក្នុងឆ្នាំ២០២៤ ដល់ចំនួន ១លានគ្រឿង ខណ:ពេលដែលការលក់នៅក្នុងទីផ្សាររួមវិញ បានកើនឡើង ០,៩%៕