អតីតប្រធានាធិបតីរបស់ប្រទេសហ្វីលីពីន លោក Rodrigo Duterte នឹងបង្ហាញខ្លួននៅចំពោះមុខតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) នារសៀលថ្ងៃសុក្រ ទី១៤ ខែមីនានេះ (ម៉ោងនៅទីក្រុងឡាអេ ប្រទេសហូឡង់) សម្រាប់សវនាការបឋមដំបូងរបស់លោក ជុំវិញការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលទាក់ទងនឹងសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
ជាមួយគ្នានេះ ICC បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ខ្លួនថា ៖”ការបង្ហាញខ្លួនរបស់លោក Rodrigo Roa Duterte គឺគ្រោងនឹងត្រូវធ្វើឡើងនៅថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ១៤:០០ នាទីរសៀល (ម៉ោងក្នុងស្រុក ឬម៉ោង ៩:០០ យប់ ម៉ោងនៅហ្វីលីពីន) នៅចំពោះមុខអង្គជំនុំជម្រះ Chamber I នៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ”។
រម្លឹកផងដែរថា លោក Duterte ត្រូវបានតុលាការ ICC ចាប់បញ្ជូនខ្លួនមកកាន់ទីក្រុងឡាអេ ប្រទេសហូឡង់ តាមរយ:យន្តហោះឯកជនមួយ កាលពីថ្ងៃពុធកន្លងទៅ បន្ទាប់ពីត្រូវបានចាប់ខ្លួននៅទីក្រុងម៉ានីល ពីបទមនុស្សឃាត ដែលពាក់ព័ន្ធនឹងសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោក ដោយក្នុងនោះទាំងឈ្មួញ និងអ្នកប្រើប្រាស់រាប់ពាន់នាក់ត្រូវបានសម្លាប់។
ជម្រាបជូនថា លោក Duterte ដែលបានដឹកនាំប្រទេសហ្វីលីពីន ចន្លោះពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២២ នោះ នឹងត្រូវប្រឈមមុខនឹងបទចោទប្រកាន់អំពីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ពាក់ព័ន្ធនឹងសង្រ្គាមប្រឆាំងគ្រឿងញៀនរបស់លោក ហើយលោកក៏នឹងក្លាយជាអតីតមេដឹកនាំដំបូងម្នាក់ ក្នុងតំបន់អាស៊ីផងដែរ ដែលនឹងត្រូវបង្ហាញមុខនៅក្នុងតុលាការ ICC។
ទន្ទឹមនឹងនេះ តាមដីកាចាប់ខ្លួនរបស់ ICC ត្រូវបានធ្វើឡើង ក្រោមការចោទប្រកាន់លើលោក Duterte ជុំវិញការបង្កើត និងផ្ដល់មូលនិធិ ដល់មន្ត្រីប្រដាប់អាវុធមួយ ក្រុមដែលបានសម្លាប់ជនសង្ស័យជួញដូរគ្រឿងញៀន និងអ្នកប្រើប្រាស់អស់ជាច្រើននាក់៕