ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី១៣ ខែមីនាកន្លងទៅនេះ បានប្រកាសគំរាមយកពន្ធដល់ទៅ ២០០% លើស្រា Wine ស្រាសំប៉ាញ និងភេសជ្ជ:មានជាតិអាល់កុលផ្សេងទៀត ពីអឺរ៉ុប។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
ជុំវិញការគំរាមកំហែងនេះ ត្រូវបានធ្វើឡើងដោយលោក ត្រាម ក្នុងការឆ្លើយតបទៅនឹងផែនការរបស់សហភាពអឺរ៉ុបវិញ ដែលបានធ្វើការដំឡើងពន្ធទៅលើទំនិញអាមេរិកមានតម្លៃរហូតដល់ទៅ ២៨ពាន់លានដុល្លារ ខណ:នឹងត្រូវចូលជាធរមានចាប់ពីខែក្រោយតទៅ។
ទន្ទឹមនឹងនេះ លោក ត្រាំ បានសរសេរនៅលើបណ្តាញសង្គម Truth Social របស់ខ្លួនថា៖” ប្រសិនបើពន្ធទាំងនេះ មិនត្រូវបានដកចេញវិញភ្លាមៗទេនោះ សហរដ្ឋអាមេរិកនឹនងដាក់ពន្ធ ២០០% លើស្រា Wine ស្រាសំប៉ាញ និងភេសជ្ជ:មានជាតិអាល់កុលផ្សេងទៀតដែលមានប្រភពមកពីប្រទេសបារាំង និងបណ្តាប្រទេសរបស់សហភាពអឺរ៉ុបផ្សេងទៀត”។
ប្រធានាធិបតីអាមេរិករូបនេះ ក៏បាននិយាយទៀតផងដែរថា ការដាក់ពន្ធ ២០០% លើភេសជ្ជៈមានជាតិអាល់កុលរបស់អឺរ៉ុប អាចនឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើន ដល់អ្នកផលិតក្នុងស្រុក ផងដែរ។
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីលោក ត្រាំ បានដាក់ពន្ធលើដែកថែប និងអាលុយមីញ៉ូមដែលត្រូវបានចូលជាធរមានចាប់ពីថ្ងៃទី១២ ខែមីនាមក ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានបញ្ជាក់ថា ការដាក់ចេញវិធានការពន្ធសងសឹកទៅលើសហរដ្ឋអាមេរិកវិញលើកនេះ គឺមានភាពខ្លាំងក្លា ប៉ុន្តែសមាមាត្រ ។
ជម្រាបជូនថា ការសម្រេចចិត្តរបស់សហភាពអឺរ៉ុបក្នុងការដាក់ពន្ធប្រឆាំងទៅនឹងទំនិញរបស់អាមេរិកសារនេះ អាចនឹងក្លាយជាការប៉ះទង្គិចដ៏ធំមួយចំពោះឧស្សាហកម្មស្រារបស់សហរដ្ឋអាមេរិក បន្ទាប់ពីបានមើលឃើញពីការកើនឡើងជាលំដាប់នៅក្នុងការនាំចេញ នាពេលកន្លងមក។ សហភាពអឺរ៉ុប មានប្រហែល ៤០% នៃការនាំចេញស្រារបស់សហរដ្ឋអាមេរិកសរុប ក្នុងឆ្នាំ២០២៣ ស្របពេលអ្នកផលិតស្រាក្នុងស្រុក បានហៅពន្ធអឺរ៉ុបថាជារឿងដ៏គួរឲ្យខកចិត្តខ្លាំងបំផុត ដែលមិនអាចទទួលយកបាន៕