យោងតាមការស្ទង់មតិមួយបានរកឃើញថា ៤៦% នៃប្រជាជនកាណាដាចង់ឲ្យប្រទេសរបស់ខ្លួន ក្លាយជាសមាជិកទី២៨ នៃសហភាពអឺរ៉ុប ប៉ុន្តែទោះជាយ៉ាងណាក៏ដោយសហភាពអឺរ៉ុប បានចេញមុខឆ្លើយតបថា គំនិតនេះហាក់ជារឿងមិនអាចទៅរួចនោះឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Politico។
តាមការស្ទង់មតិដោយ Abacus Data ដែលបានចេញផ្សាយនៅដើមសប្តាហ៍នេះ បានរកឃើញថា ៤៦% នៃប្រជាជនកាណាដាគាំទ្រលទ្ធភាពឲ្យប្រទេសរបស់ខ្លួន ចូលរួមជាមួយសហភាពអឺរ៉ុប (EU) ខណ: ២៩% ផ្សេងទៀតប្រឆាំង និង ២៥% មិនទាន់សម្រេចចិត្ត។ Abacus Data គឺជាក្រុមហ៊ុនស្រាវជ្រាវទីផ្សារ និងបោះឆ្នោតរបស់ប្រទេសកាណាដា ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុង Ottawa រដ្ឋ Ontario ។
យ៉ាងណាមិញ ជុំវិញការស្ទង់មតិនេះត្រូវបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបន្តដាក់សម្ពាធម្តងហើយម្តងទៀតឲ្យកាណាដាក្លាយជារដ្ឋទី៥១ របស់សហរដ្ឋអាមេរិក។ ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បាននិយាយថា សេចក្តីថ្លែងការណ៍របស់លោក ត្រាំ គឺជាការគំរាមកំហែងយ៉ាងពិតប្រាកដដល់ប្រទេសរបស់ខ្លួន។
គួរឲ្យដឹងផងដែរថា ចំនួនមនុស្សដែលចង់ឲ្យកាណាដាចូលរួមជាមួយសហភាពអឺរ៉ុប គឺខ្ពស់ជាង ១០% ដែលគាំទ្រឲ្យក្លាយជារដ្ឋទី៥១ របស់អាមេរិក។ តួលេខនេះគឺខ្ពស់ជាង ៤៥% នៃជនជាតិអង់គ្លេសដែលគាំទ្រលទ្ធភាពនៃការចូលជាសមាជិកសហភាពអឺរ៉ុបឡើងវិញ ផងដែរ។
ទន្ទឹមនឹងនេះ អ្នកនាំពាក្យគណៈកម្មាធិការអឺរ៉ុប លោកស្រី Paula Pinho បានអះអាងថា លោកស្រីស្វាគមន៍ចំពោះលទ្ធផលស្ទង់មតិនេះ ដោយបន្ថែមថា ពលរដ្ឋកាណាដា ហាក់បានមើលឃើញពីភាពទាក់ទាញរបស់ EU ហើយនិយាយទៀតថា ប្រជាជនកាណាដាភាគច្រើនបានកោតសរសើរសហភាពអឺរ៉ុប និងគោរពឲ្យតម្លៃដល់ប្លុកនេះផងដែរ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ បើតាមលោកស្រី Pinho អនាគតរបស់កាណាដាក្នុងការចូលរួមជាមួយសហភាពអឺរ៉ុបគឺមិនអាចទៅរួចនោះទេ ហើយលោកស្រីនឹងមិនពិចារណាវាទេ។ បើតាមមាត្រាទី ៤៩ នៃសន្ធិសញ្ញាស្តីពីសហភាពអឺរ៉ុប បានចែងថាមានតែប្រទេសនៅតំបន់អឺរ៉ុបប៉ុណ្ណោះដែលអាចដាក់ពាក្យសុំចូលជាសមាជិកសហភាពបរបស់អឺរ៉ុបបាន៕