LVMH កំពុងរកវិធីរក្សាមហាសេដ្ឋី Bernard Arnault ឲ្យកាន់តំណែងជា CEO រហូតដល់វ័យ ៨៥ឆ្នាំ

អន្តរជាតិ

ក្រុមហ៊ុនលក់ទំនិញប្រណីតលំដាប់កំពូលរបស់ពិភពលោក LVMH កាលពីពេលថ្មីៗនេះ ត្រូវបានគេរាយការណ៍ថា កំពុងព្យាយាមស្វែងរកវិធីដែលអាចឲ្យមហាសេដ្ឋីបារាំង លោក Bernard Arnault បន្តកាន់តំណែងនៅក្នុងរយ:ពេលជិតមួយទសវត្សផ្សេងទៀត ពោលគឺរហូតដល់លោកមានអាយុ ៨៥ឆ្នាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន New York Post។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ម្ចាស់ភាគហ៊ុនជាច្រើននៅក្នុងក្រុមហ៊ុន LVMH ដែលជាម្ចាស់ម៉ាកយីហោលំដាប់ខ្ពស់ដូចជា Louis Vuitton, Dior និង Tiffany ត្រូវបានកំណត់ថានឹងបោះឆ្នោតឡើងវិញនាថ្ងៃទី១៧ ខែមេសាខាងមុខ លើសំណើរដើម្បីបង្កើនអាយុអតិបរមានៅក្នុងច្បាប់របស់ក្រុមហ៊ុនសម្រាប់តំណែនជាប្រធាន និងនាយកប្រតិបត្តិរបស់ខ្លួន។ នេះបើយោងតាមឯកសារផ្លូវការមួយរបស់ក្រុមហ៊ុន។

គួរឲ្យដឹងផងដែរថា បច្ចុប្បន្ននេះ អាយុអតិបរមាសម្រាប់ការកាន់តំណែងជាប្រធាន និងនាយកប្រតិបត្តិរបស់ LVMH ត្រូវបានកំណត់ត្រឹមវ័យ ៨០ឆ្នាំប៉ុណ្ណោះ។

យ៉ាងណាមិញ វាមិនមែនជាលើកទីមួយនោះទេដែល LVMH បានសម្រេចបោះឆ្នោតដំឡើងអាយុកំណត់ នៅក្នុងមុខតំណែងកំពូលរបស់ខ្លួននេះ ដោយបង្កើនវាពីអាយុ ៧៥ឆ្នាំ មកកាន់អាយុ ៨០ឆ្នាំ នៅក្នុងឆ្នាំ២០២២ ខណៈការដំឡើងវ័យអតិបរមានេះ បានធ្វើឲ្យលោក Arnault នៅតែកាន់តំណែងជាប្រធាន នាយកប្រតិបត្តិ និងម្ចាស់ភាគហ៊ុនគ្រប់គ្រង រួមជាមួយនឹងគ្រួសាររបស់លោកបន្តទៀត។

ជម្រាបជូនផងដែរថា បច្ចុប្បន្នលោក Arnault វ័យ ៧៦ឆ្នាំ និងគ្រួសាររបស់លោក ត្រូវបានគេប៉ាន់ប្រមាណថាមានទ្រព្យសម្បត្តិសរុបចំនួន ១៧២,១ពាន់លានដុល្លារ និងបានជាប់នៅចំណាត់ថ្នាក់លេខ០៥ ក្នុងនាមជាមហាសេដ្ឋីមានជាងគេបំផុតលើពិភពលោក របស់ទស្សនាវដ្តី Forbes ៕