ការលក់រថយន្តនៅក្នុងប្រទេសថៃធ្លាក់ចុះដល់ទៅ ១០% ត្រឹម ២ខែដំបូងនៅឆ្នាំនេះ

អន្តរជាតិ

ទីផ្សាររថយន្តរបស់ប្រទេសថៃ បានប្រឈមមុខទៅនឹងការចាប់ផ្តើមដ៏លំបាកបំផុតមួយនៅក្នុងឆ្នាំ២០២៥ នេះ ជាមួយនឹងការលក់ធ្លាក់ចុះដល់ទៅ ១០% ក្នុងរយ:ពេលត្រឹមតែ ២ខែដំបូងប៉ុណ្ណោះ បើធៀបទៅនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលក់រថយន្តសរុបនៅក្នុងប្រទេសថៃ បានឈានដល់ចំនួនប្រមាណ ៩៧ ០០០ គ្រឿង សម្រាប់រយ:ពេល ២ខែដំបូងនៃឆ្នាំនេះ ស្របពេលដែលទាំងក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់ជប៉ុន Toyota និង Isuzu រួមជាមួយក្រុមហ៊ុនផលិតរថយន្តអគ្គិសនីយក្សចិន BYD សុទ្ធសឹងតែជួបប្រទះទៅនឹងការធ្លាក់ចុះគួរឲ្យកត់សម្គាល់ដូចគ្នា។

គួរឲ្យដឹងផងដែរថា ជុំវិញការធ្លាក់ចុះនេះ អាចបណ្តាលមកពីកត្តារួមផ្សំមួយចំនួន ដូចជាការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចយឺតយ៉ាវ បំណុលគ្រួសារខ្ពស់ និងលក្ខខណ្ឌផ្តល់ប្រាក់កម្ចីកាន់តែតឹងរ៉ឹង ជាដើម។

ទន្ទឹមនឹងនេះ លោក Supakorn Ratanawaraha អនុប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន Toyota Motor Thailand បាននិយាយថា ខណៈពេលដែលទីផ្សាររថយន្តនៅតែមាននិន្នាការធ្លាក់ចុះ នៅក្នុងខែកុម្ភៈ ដូច្នេះហើយវាហាក់បានឆ្លុះបញ្ចាំងពីបរិយាកាសសេដ្ឋកិច្ចកាន់តែទន់ខ្សោយ នាពេលបច្ចុប្បន្ន។

លោក Supakorn បានកត់សម្គាល់ទៀតថាការកាត់បន្ថយអត្រាការប្រាក់នាពេលថ្មីៗនេះដោយធនាគារកណ្តាលថៃអាចផ្តល់ការធូរស្រាលបានខ្លះ ប៉ុន្តែការស្ទុះងើបឡើងវិញនៃឧស្សាហកម្មនេះ គឺទាក់ទងនឹងការកែលម្អសេដ្ឋកិច្ចកាន់តែទូលំទូលាយផ្សេងទៀត។

ជម្រាបជូនផងដែរថា តួលេខនៃការលក់សម្រាប់ម៉ាកយីហោធំៗក្នុងខែមករា និងកុម្ភៈ សម្រាប់ឆ្នាំ២០២៥ នេះ បង្ហាញពីការធ្លាក់ចុះយ៉ាងទូលំទូលាយ រួមមានក្រុមហ៊ុន Toyota (ធ្លាក់ចុះ ៣%), Honda (ធ្លាក់ចុះ ២០,៣%), Isuzu (ធ្លាក់ចុះ ១៦,៣%), BYD (ធ្លាក់ចុះ ២៣,៤%) និង Mitsubishi (ធ្លាក់ចុះ ៦,៥%)៕