ស្ថាប័នព័ត៌មានធំៗ រួមទាំងវិទ្យុអាស៊ីសេរី ប្រឈមមុខនឹងការបិទទ្វារ ក្រោយលោក ត្រាំ ផ្តាច់ជំនួយ

អន្តរជាតិ

បុគ្គលិកនៅស្ថាប័នសារព័ត៌មាន Voice of America (VOA) ប្រមាណជិត ១ ៣០០ នាក់ ត្រូវបានដាក់ឲ្យឈប់សម្រាកពីការងារ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិថ្មីចុងក្រោយមួយ ក្នុងគោលបំណងកាត់បន្ថយ និងលុបបំបាត់ទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ប្រព័ន្ធផ្សព្វផ្សាយសកល (USAGM)។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Politico។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរឲ្យដឹងផងដែរថា USAGM គឺជាក្រុមហ៊ុនមេរបស់ស្ថាប័នសារព័ត៌មាន VOA ស្របពេលការផ្តល់មូលនិធិសម្រាប់បណ្តាញសារព័ត៌មានធំៗ ២ ផ្សេងទៀត រួមមានវិទ្យុអាស៊ីសេរី និងវិទ្យុអឺរ៉ុបសេរី ក៏ត្រូវបានកាត់ផ្តាច់ជំនួយចោលផងដែរ។

ទន្ទឹមនឹងនេះ លោក Michael Abramowitz នាយក VOA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ “ជាលើកដំបូងក្នុងរយៈពេល ៨៣ ឆ្នាំ សំឡេងរបស់អាមេរិកកំពុងត្រូវបានស្ងាត់ស្ងៀម”។ លោកបានបន្ថែមទៀតថា ការសម្រេចចិត្តនេះ បានធ្វើឲ្យរូបលោក និងបុគ្គលិកជិត ១ ៣០០ នាក់ផ្សេងទៀត ត្រូវបានដាក់ឲ្យឈប់សម្រាក។

ជម្រាបជូនផងដែរថា ទីភ្នាក់ងារសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសកល ក៏បានផ្ញើសេចក្តីជូនដំណឹងអំពីការបញ្ចប់ការផ្តល់ជំនួយដល់វិទ្យុអាស៊ីសេរី និងកម្មវិធីផ្សេងទៀតដែលគ្រប់គ្រងដោយទីភ្នាក់ងារនេះផងដែរ។ Voice of America ឬ VOA បញ្ជូនព័ត៌មានក្នុងស្រុករបស់សហរដ្ឋអាមេរិក ទៅកាន់បណ្តាប្រទេសផ្សេងទៀត ដែលជារឿយៗត្រូវបានបកប្រែជាភាសាក្នុងស្រុក។ វិទ្យុអាស៊ីសេរី អឺរ៉ុបសេរី និងម៉ាទី បញ្ជូនព័ត៌មានទៅកាន់ប្រទេសដែលមានរបបផ្តាច់ការនៅក្នុងតំបន់ទាំងនោះ ដូចជាប្រទេសចិន កូរ៉េខាងជើង និងរុស្ស៊ី ជាដើម៕​