ក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្សរបស់អាមេរិក Intel បានឲ្យដឹងកាលពីពេលថ្មីៗនេះថា នាយកប្រតិបត្តិថ្មីរបស់ខ្លួន គឺលោក Tan Lip-Bu នឹងទទួលបានប្រាក់បៀវត្សរ៍ ១លានដុល្លារ ហើយថែមទាំងអាចមានសិទ្ធិទទួលបានប្រាក់រង្វាន់លើកទឹកចិត្តប្រចាំឆ្នាំផ្សេងទៀតៗរហូតដល់ទៅ ២លានដុល្លារ ផងដែរ។ នេះបើតាមការចុះផ្សាយពីសារប័ត៌មាន CNA។
ក្រុមហ៊ុន Intel បានសម្រេចចិត្តតែងតាំងលោក Tan ជានាយកប្រតិបត្តិថ្មីរបស់ខ្លួន កាលពីថ្ងៃពុធ សប្តាហ៍មុន ដោយប្រគល់នូវភារកិច្ចឲ្យអ្នកជំនួញជើងចាស់នៅក្នុងឧស្សាហកម្មបន្ទះឈីបរូបនេះ ដើម្បីដឹកនាំការផ្លាស់ប្តូរដ៏លំបាកមួយរបស់ Intel ឲ្យក្លាយទៅជាក្រុមហ៊ុនផលិតបន្ទះឈីបដែលទទួលបានជោគជ័យ។ លោក Tan នឹងត្រូវចូលកាន់តំណែងជា CEO របស់ក្រុមហ៊ុនជាផ្លូវការ នៅថ្ងៃទី១៨ ខែមីនាខាងមុខ។
យ៉ាងណាមិញ ដោយសារតែមានបទពិសោធដ៏ស៊ីជម្រៅនៅក្នុងឧស្សាហកម្មបន្ទះឈីប និងជាអ្នកវិនិយោគផ្នែកបច្ចេកវិទ្យាអស់រយ:ពេលជាយូរមកហើយនោះ លោក Tan ត្រូវបានគេមើលឃើញថាជាអ្នកប្រកួតប្រជែងសម្រាប់មុខតំណែងកំពូលរបស់ក្រុមហ៊ុន ពោលគឺចាប់តាំងពីខែធ្នូមក នៅពេលដែល Intel បានសម្រេចចិត្តបណ្តេញនាយកប្រតិបត្តិចាស់ លោក Pat Gelsinger ចេញពីតំណែង។
ជម្រាបជូនផងដែរថា តាមរយ:កិច្ចព្រមព្រៀងការងារថ្មីរបស់លោក Tan នេះ រួមមានគោលដៅនៃការអនុវត្តរយៈការងារពេល ៣ឆ្នាំដែលនឹងធ្វើឲ្យលោកមានសិទ្ធិរក្សា ២ភាគ៣ នៃរង្វាន់ភាគហ៊ុនរបស់ខ្លួន ប្រសិនបើការផ្លាស់ប្តូរការគ្រប់គ្រង ឬការផ្លាស់ប្តូរដ៏សំខាន់ណាមួយ នៅក្នុងកម្មសិទ្ធិរបស់លោកកើតឡើងក្នុងរយៈពេល ១៨ខែបន្ទាប់ពីការចូលកាន់តំណែងរបស់លោកនោះ៕