ក្រុមប្រទេស G7 កាលពីពេលថ្មីៗនេះ បានធ្វើការព្រមានអំពីការដាក់ទណ្ឌកម្មទ្រង់ទ្រាយធំបន្ថែមទតប្រឆាំងទៅនឹងប្រទេសរុស្ស៊ី ប្រសិនបើពួកគេមិនព្រមទទួលយកបទឈប់បាញ់នៅក្នុងសង្គ្រាមជាមួយប្រទេសអ៊ុយក្រែនទេនោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។
បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុង Quebec ប្រទេសកាណាដា កាលពីថ្ងៃទី១៤ ខែមីនាកន្លងទៅ រដ្ឋមន្ត្រីការប្រទេសនៃក្រុមប្រទេស G7 បានចេញសេចក្តីថ្លែងការណ៍រួមមួយថា៖” សូមធ្វើការបញ្ជាក់ឡើងវិញនូវការគាំទ្រយ៉ាងម៉ឺងម៉ាត់របស់យើងចំពោះអ៊ុយក្រែន ក្នុងការការពារបូរណភាពទឹកដី និងសិទ្ធិក្នុងការមានទឹកដី ក៏ដូចជាសេរីភាព អធិបតេយ្យភាព និងឯករាជ្យភាពរបស់ខ្លួន។ បណ្តាប្រទេស G7 បានស្វាគមន៍ចំពោះសំណើដែលដឹកនាំដោយសហរដ្ឋអាមេរិកសម្រាប់បទឈប់បាញ់រយៈពេល ៣០ថ្ងៃនៅក្នុងសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន ដោយអំពាវនាវឱ្យទីក្រុងម៉ូស្គូទទួលយក និងគោរពតាម លក្ខខណ្ឌស្មើគ្នា” ។
សេចក្តីថ្លែងការណ៍ដដែលនោះក៏បាននិយាយទៀតថា ៖”រដ្ឋមន្ត្រីការបរទេសនៃប្រទេស G7ទាំងអស់បានពិភាក្សាអំពីសេណារីយ៉ូនៃការដាក់ទណ្ឌកម្មថ្មីៗបន្ថែមទៀតលើប្រទេសរុស្ស៊ី ដូចជាការដំឡើងថ្លៃប្រេង ក្នុងករណីដែលទីក្រុងម៉ូស្គូមិនព្រមទទួលយកបទឈប់បាញ់ ក៏ដូចជាការបង្កើនការគាំទ្រសម្រាប់ទីក្រុងគៀវ”។
គួរឲ្យដឹងផងដែរថា ក្រុមប្រទេស G7 រួមមានសហរដ្ឋអាមេរិក អង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី កាណាដា និងជប៉ុន។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា លោក ត្រាំ មិនចង់ដាក់ទណ្ឌកម្មបន្ថែមទៀតលើប្រទេសរុស្ស៊ីទេ ប៉ុន្តែបានអះអាងថា សហរដ្ឋអាមេរិក មានជម្រើសដើម្បីធ្វើដូច្នេះប្រសិនបើចាំបាច់ ។
ជម្រាបជូនថា បន្ទាប់ពីកិច្ចពិភាក្សានៅប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី១១ ខែមីនា គណៈប្រតិភូអាមេរិក និងអ៊ុយក្រែនបានចេញសេចក្តីថ្លែងការណ៍រួមមួយដោយបញ្ជាក់ថាទីក្រុងគៀវ គឺបានត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលយកបទឈប់បាញ់ជាបឋម ដែលផ្តួចផ្តើមដោយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។ បទឈប់បាញ់រយៈពេល ៣០ថ្ងៃនឹងអាចចូលជាធរមានបាននៅពេលដែលរុស្ស៊ីយល់ព្រម ហើយអាចបន្តបានយូរជាងនេះ៕