នាយករដ្ឋមន្ត្រីថ្មីរបស់កាណាដា ជ្រើសរើសអឺរ៉ុបជាទិសដៅធ្វើទស្សនកិច្ចដំបូងបំផុត

អន្តរជាតិ

នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសកាណាដា លោក Mark Carney បានធ្វើដំណើរទៅកាន់ប្រទេសបារាំង និងចក្រភពអង់គ្លេស នៅក្នុងដំណើរទេស្សនកិច្ចក្រៅបរទេសជាលើកដំបូងបំផុតរបស់លោក ពោលគឺចាប់តាំងពីបានចូលកាន់តំណែងមក ខណ:ចំពេលដែលកំពុងមានភាពតានតឹងពាណិជ្ជកម្មកាន់តែខ្លាំងឡើងជាមួយសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Mark Carney បានធ្វើដំណើរទស្សនកិច្ចជាលើកដំបូងរបស់ខ្លួនទៅកាន់ប្រទេសអឺរ៉ុបចំនួនពីរ កាលពីថ្ងៃទី១៧ ខែមីនា បន្ទាប់ពីបានប្រកាសនៅក្នុងពិធីស្បថចូលកាន់តំណែងថា ប្រទេសរបស់លោកត្រូវបានកសាងឡើង នៅលើមូលដ្ឋាននៃប្រជាជនចំនួនបីគឺជនជាតិដើមភាគតិច បារាំង និងអង់គ្លេស។

ជាមួយគ្នានេះ លោក Carney ក៏បានអះអាងទៀតផងដែរថា ប្រទេសកាណាដាមានមូលដ្ឋានខុសគ្នាពីសហរដ្ឋអាមេរិក ហើយនឹង មិនមែនជាផ្នែកនៃសហរដ្ឋអាមេរិកក្នុងទម្រង់ណាមួយនោះឡើយ។

យ៉ាងណាមិញ មន្ត្រីជាន់ខ្ពស់កាណាដាម្នាក់បាននិយាយថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី លោក Carney គឺត្រូវបានធ្វើឡើងក្នុងគោលបំណងពង្រឹងភាពជាដៃគូជាមួយបារាំង និងអង់គ្លេស ដោយថែមទាំងបានបន្ថែមថា ៖”កាណាដាគឺជាមិត្តដ៏ល្អរបស់សហរដ្ឋអាមេរិក ប៉ុន្តែមនុស្សគ្រប់គ្នាយល់ពីអ្វីដែលកំពុងកើតឡើងនៅពេលនេះច្បាស់” ។

គួរឲ្យដឹងផងដែរថា ក្នុងអំឡុងដំណើរទស្សនកិច្ចនោះ លោក Carney គ្រោងនឹងជួបជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron នៅទីក្រុងប៉ារីស បន្ទាប់មកនឹងធ្វើដំណើរទៅកាន់ទីក្រុងឡុងដ៍បន្ត ដើម្បីជួបភាគីអង់គ្លេស គឺជានាយករដ្ឋមន្ត្រី លោក Keir Starmer ក៏ដូចជាស្តេច Charles III ដែលជាប្រមុខនៃបក្ស Commonwealth ផងដែរ។

ជម្រាបជូនផងដែរថា ជុំវិញដំណើរទស្សនកិច្ចរបស់លោក Carney ត្រូវបានធ្វើឡើង ចំពេលប្រធានាធិបតីអាមេរិក លោកប្រធានាធិបតីលោក ដូណាល់ ត្រាំ បានគំរាមម្តងហើយម្តងទៀតថានឹងដាក់ពន្ធលើការនាំចូលទំនិញពីប្រទេសកាណាដា ដែលជាប្រទេសមួយដែលត្រូវបានចាត់ទុកថាជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតរបស់សហរដ្ឋអាមេរិក។ លោក ត្រាំ ក៏បានអំពាវនាវឲ្យប្រទេសកាណាដាក្លាយជារដ្ឋទី៥១ របស់សហរដ្ឋអាមេរិកផងដែរ ដើម្បីជៀសវាងការជាប់ពន្ធគយ ហើយថែមទាំងបានគំរាមកំហែងប្រើសម្ពាធសេដ្ឋកិច្ចលើប្រទេសដែលជាអ្នកជិតខាងរបស់ខ្លួននេះ ថែមទៀតផង៕