ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីពេលថ្មីៗនេះ បានអំពាវនាវដល់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបទាំងអស់ បញ្ឈប់ការទិញសព្វាវុធដូចជាគ្រាប់មីស៊ីល និងយន្តហោះចម្បាំងរបស់អាមេរិក ដោយងាកមកផ្តល់អាទិភាពលើអាវុធរបស់អឺរ៉ុប ដើម្បីបង្កើនសមត្ថភាពផលិតអាវុធក្នុងតំបន់ជំនួសវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Politico។
លោក Macron បាននិយាយនៅក្នុងបទសម្ភាសមួយកាលពីចុងសប្តាហ៍មុនថា ៖”ខ្ញុំចង់បញ្ចុះបញ្ចូលឲ្យបណ្តាប្រទេសនៅអឺរ៉ុបទាំងអស់ដែលធ្លាប់ទិញអាវុធពីសហរដ្ឋអាមេរិកពីមុន បញ្ឈប់ការទិញរបស់ពួកគេវិញ។ សម្រាប់ប្រទេសណាដែលកំពុងទិញខែលការពារមីស៊ីល Patriot អាចប្តូរទៅជាប្រព័ន្ធ SAMP/T ជំនាន់ថ្មីដែលបង្កើតឡើងដោយបារាំង និងអ៊ីតាលីជំនួសវិញបាន។ ហើយចំពោះប្រទេសណាដែលបានទិញយន្តហោះចម្បាំង F-35 យើងស្នើឲ្យពួកគេប្តូរមកប្រើយន្តហោះចម្បាំង Rafale ដែលផលិតដោយបារាំងជំនួសវិញ”។
ប្រធានាធិបតីបារាំងរូបនេះ បានបន្តអះអាងទៀតថា បណ្តាប្រទេសនៅអឺរ៉ុបត្រូវតែផ្លាស់ប្តូរផ្នត់គំនិតរបស់ពួកគេនៅក្នុងលទ្ធកម្មការពារជាតិ ជាពិសេសពីការផ្តល់អាទិភាពចំពោះទំនិញរបស់អាមេរិក ទៅជាការបញ្ជាទិញអាវុធដែលផលិតដោយដៃគូនៅក្នុងតំបន់ជាមួយគ្នាវិញ ដោយហេតុនេះវានឹងអាចជួយបង្កើនផលិតកម្មការពារនៅទូទាំងតំបន់មិនខាន។
ជម្រាបជូនផងដែរថា រដ្ឋាភិបាលទីក្រុងប៉ារីស កំពុងស្នើឲ្យក្រុមហ៊ុនការពារជាតិរបស់ខ្លួនធ្វើកំណែទម្រង់នីតិវិធី និងស្វែងរកមធ្យោបាយបន្ថែម ដើម្បីកាត់បន្ថយថ្លៃដើមនាំចូល ដោយហេតុនេះការបញ្ចុះតម្លៃអាវុធរបស់បារាំង អាចនឹងធ្វើឲ្យវាក្លាយជាជម្រើសដ៏ទាក់ទាញជាងមុន ក្នុងការលក់ទៅឲ្យដៃគូក្នុងតំបន់ផ្សេងទៀត។
បើយោងតាមវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm (SIPRI) ដែលមានមូលដ្ឋាននៅប្រទេសស៊ុយអែត បានបង្ហាញឲ្យដឹងថា បារាំង គឺជាប្រទេសនាំចេញអាវុធធំបំផុតលំដាប់ទីពីររបស់ពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក។ តម្លៃសរុបនៃការនាំចេញអាវុធរបស់បារាំង បានកើនឡើងប្រហែល ៤៧% ចន្លោះឆ្នាំ ២០១៤-២០១៨ និង ២០១៩-២០២៣ ដែលភាគច្រើនការនាំចេញរបស់ប្រទេសនេះ គឺឆ្ពោះទៅកាន់ប្រទេសក្នុងតំបន់អាស៊ី និងមជ្ឈិមបូព៌ា៕