ស្ងាត់ៗមេធំ Telegram វិលត្រលប់ទៅផ្ទះនៅឌុយបៃវិញហើយ ក្រោយត្រូវបានឃាត់ខ្លួននៅបារាំងជាច្រើនខែ

អន្តរជាតិ

លោក Pavel Durov ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុនផ្ញើសារលំដាប់កំពូលរបស់ពិភពលោក Telegram បាននិយាយកាលពីថ្ងៃទី១៧ ខែមីនាកន្លងទៅថា នៅទីបំផុតលោកបានត្រលប់ទៅកាន់ផ្ទះរបស់ខ្លួន នៅទីក្រូងឌុយបៃវិញហើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រម្លឹកផងដែរថាលោក Durov ត្រូវបានចាប់ឃាត់ខ្លួននៅឯអាកាសយានដ្ឋានមួយក្បែរទីក្រុងប៉ារីស កាលពីខែសីហា ឆ្នាំមុន ហើយត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការស៊ើបអង្កេតជាផ្លូវការ ជាមួយនឹងការដាក់បម្រាមមិនឲ្យចាកចេញពីប្រទេសបារាំងជាដាច់ខាត។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ កាលពីពេលថ្មីៗនេះ លោក Durov បានចេញមុខនិយាយជាសាធារណ: ជាលើកដំបូងថា លោកបានចំណាយពេលអស់ជាច្រើនខែនៅក្នុងប្រទេសបារាំង ដោយសារតែមានការស៊ើបអង្កេតទាក់ទងទៅនឹងសកម្មភាពរបស់ឧក្រិដ្ឋជននៅលើ Telegram។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោកត្រូវបានអនុញ្ញាតឲ្យវិលត្រលប់ទៅកាន់ផ្ទះរបស់ខ្លួន នៅទីក្រុងឌុយបៃវិញហើយ បន្ទាប់ពីមានដំណើរការស៊ើបអង្កេតអស់រយ:ពេលជាយូរមក។

ជាមួយគ្នានេះ លោក Durov បាននិយាយទៀតថា ៖” ខ្ញុំចង់អរគុណដល់ចៅក្រមអង្កេតដែលបានអនុញ្ញាតឲ្យយរឿងនេះកើតឡើង ក៏ដូចជាមេធាវី និងក្រុមការងាររបស់ខ្ញុំ សម្រាប់ការខិតខំប្រឹងប្រែងឥតឈប់ឈររបស់ពួកគេ ក្នុងការបង្ហាញឲ្យឃើញថា នៅពេលនិយាយអំពីការសម្របសម្រួល កិច្ចសហប្រតិបត្តិការ និងការប្រយុទ្ធប្រឆាំងទៅនឹងឧក្រិដ្ឋកម្ម អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ Telegram គឺបានបំពេញតាមកាតព្វកិច្ចផ្លូវច្បាប់របស់ខ្លួនយ៉ាងម៉ឺងម៉ាត់ជាទីបំផុត” ។

ជម្រាបជូនផងដែរថា នៅក្នុងប្រទេសបារាំង Telegram ត្រូវបានជាប់ពាក់ព័ន្ធក្នុងសំណុំរឿងឧក្រិដ្ឋកម្មជាច្រើន ដែលពាក់ព័ន្ធនឹងការរំលោភបំពានផ្លូវភេទលើកុមារ ការជួញដូរគ្រឿងញៀន និងឧក្រិដ្ឋកម្មផ្សេងៗទៀត។ ហើយទន្ទឹមនឹងនោះ ព្រះរាជអាជ្ញាកំពូលទីក្រុងប៉ារីស លោក Laure Beccuau កាលពីឆ្នាំមុន បាននិយាយថា អង្គភាពរបស់ខ្លួនបានបង្ហាញពីកង្វះនៃការឆ្លើយតបរបស់ក្រុមហ៊ុន Telegram របស់លោក Durov នៅពេលត្រូវបានស្នើសុំឲ្យសហការជាមួយការអនុវត្តច្បាប់ ទើបឈានដល់ការចាប់ឃាត់ខ្លួនស្ថាបនិកក្រុមហ៊ុនរូបនេះតែម្តង៕