ក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្សរបស់ហុងកុង Henderson Land បានប្រកាសជាផ្លូវការថាស្ថាបនិករបស់ខ្លួន គឺលោក Lee Shau Kee បានទទួលមរណភាពហើយ នៅក្នុងវ័យ ៩៧ឆ្នាំ កាលពីថ្ងៃទី១៧ ខែមីនា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
គួរឲ្យដឹងថា លោក Lee Shau Kee កើតនៅឆ្នាំ១៩២៨ នៅខេត្ត Guangdong ប្រទេសចិន។ ក្នុងវ័យជំទង់ លោក Lee បានរកស៊ីជួញដូរមាស និងរូបិយប័ណ្ណ។ លុះដល់អាយុ ២០ ឆ្នាំ លោកក៏បានសម្រេចចិត្តផ្លាស់ទៅរស់នៅទីក្រុងហុងកុងវិញ ដែលជាកន្លែងដែលលោកបានសហការបង្កើតក្រុមហ៊ុនអចលនទ្រព្យ Sun Hung Kai Properties រួមជាមួយអ្នករកស៊ីជើងចាស់ផ្សេងទៀត ដូចជា Fung King Hey និង Kwok Tak-Seng ជាដើម។
លុះនៅឆ្នាំ១៩៧៦ លោក Lee ក៏បានចាប់ផ្តើមបើកក្រុមហ៊ុនផ្ទាល់ខ្លួនមួយដែលមានឈ្មោះថា Henderson Land ដែលជាអាណាចក្រអចលនទ្រព្យដ៏ធំបំផុតមួយប្រចាំនៅក្នុងទីក្រុងហុងកុងតែម្តង។ មហាសេដ្ឋីរូបនេះ នៅតែកាន់តំណែងជាប្រធានរហូតដល់ពេលលោកចូលនិវត្តន៍ ក្នុងអំឡុងខែឧសភា ឆ្នាំ២០១៩ នៅក្នុងវ័យ ៩១ឆ្នាំ។ នៅពេលនោះក្រុមហ៊ុន Henderson Land មានបុគ្គលិកសរុបប្រមាណ ១ម៉ឺននាក់។
ឥឡូវនេះ ក្រុមហ៊ុន Henderson Land ត្រូវបានគ្រប់គ្រងដោយកូនប្រុសពីរនាក់របស់លោក Lee គឺលោក Peter និង Martin Lee ។ មុនពេលលោក Lee Shau Kee ទទួលមរណភាព ទស្សនាវដ្ដី Forbes បានប៉ាន់ប្រមាណថា លោកមានទ្រព្យសម្បត្តិសរុបជាង ២៩ពាន់លានដុល្លារ ដែលធ្វើឲ្យលោកក្លាយជាមហាសេដ្ឋីមានបំផុតលំដាប់ទីពីរ នៅហុងកុង បន្ទាប់ពីលោក Li Ka-shing។
ជម្រាបជូនផងដែរថា ដូចគ្នាទៅនឹងមហាសេដ្ឋីផ្សេងទៀតនៅហុងកុងដែរ លោក Lee បានកាន់កាប់អាជីវកម្មធំៗជាច្រើន រួមមានអចលនទ្រព្យ វិស័យថាមពល ការលក់រាយ និងការដឹកជញ្ជូន ជាដើម។ ហើយមិនតែប៉ុណ្ណោះ លោក Lee ក៏មានទំនាក់ទំនងយ៉ាងល្អជាមួយមេដឹកនាំចិនកំពូលៗដូចជាលោក Deng Xiaoping និង Jiang Zemin ផងដែរ៕