សមាគមធុរកិច្ចអាមេរិកជាច្រើន បាននិយាយកាលពីថ្ងៃទី១៧ ខែមីនាកន្លងទៅថា រដ្ឋាភិបាលទីក្រុងប៉េកាំង បានសម្រេចបន្តអាជ្ញាប័ណ្ណនាំចេញសម្រាប់រោងចក្រផលិតសាច់ជ្រូក និងបសុបក្សីរាប់រយកន្លែងរបស់ខ្លួនឡើងវិញ បន្ទាប់ពីមានការហាមឃាត់អស់មួយរយ:ពេលកន្លងមក។ នេះបើតាមការចុះផ្សាយពីសារព័ត័មាន Reuters។
យោងតាមគេហទំព័រគយចិនបង្ហាញថា ការអនុញ្ញាតទាំងនេះ គឺនឹងមានសុពលភាពរហូតដល់ឆ្នាំ២០៣០ ឯណោះ។ មិនតែប៉ុណ្ណោះ តាមរយ:ការប្រកាសនេះផងដែរ ហាក់ដូចជាបានផ្តល់ភាពធូរស្រាលមួយកម្រិតសម្រាប់កសិករ និងអ្នកកែច្នៃសាច់ជាច្រើន នៅសហរដ្ឋអាមេរិក ក្នុងបរិបទនៃភាពតានតឹងផ្នែកពាណិជ្ជកម្មរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ជាមួយនឹងដៃគូសំខាន់ៗជាបន្តបន្ទាប់ ដូចជាចិន និងកាណាដា ជាដើម។
ជុំវិញវិធានការដាក់ពន្ធគយនាំចូលរបស់លោក ត្រាំ ទៅលើប្រទេសទាំងនេះ បានបង្កើនហានិភ័យនៃការសងសឹកទ្រង់ទ្រាយធំប្រឆាំងនឹងផលិតផលកសិកម្មរបស់សហរដ្ឋអាមេរិកវិញ ខណ:ពេលដែលទាំងប្រទេសចិន និងកាណាដា សុទ្ធសឹងតែជាប្រទេសនាំចូលផលិតផលកសិកម្មដ៏សំខាន់ ផងដែរ។
គួរឲ្យដឹងផងដែរថា ប្រទេសចិន តម្រូវឲ្យអ្នកនាំចេញស្បៀងអាហារ ចាំបាច់ត្រូវតែចុះបញ្ជីជាមួយគយ ដើម្បីលក់ផលិតផលនាំចូលក្នុងប្រទេស។ ហើយកាលពីថ្ងៃទី១៦ ខែមីនាកន្លងទៅ គេហទំព័រគយចិន បានបង្ហាញថា អាជ្ញាប័ណ្ណនាំចេញរបស់រោងចក្រផលិតសាច់អាមេរិកជាង ១ ០០០ ដែលចេញក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិក-ចិនដំណាក់កាលទី១ ឆ្នាំ២០២០ ដែលត្រូវបានផុតកំណត់នោះ គឺត្រូវបានបន្តឡើងវិញហើយ។
ជម្រាបជូនផងដែរថា តាមបរិមាណ សហរដ្ឋអាមេរិក បានក្លាយជាប្រទេសនាំចេញសាច់ច្រើនជាងគេទីបី ទៅកាន់ប្រទេសចិនក្នុងឆ្នាំ២០២៤ បន្ទាប់ពីប្រេស៊ីល និងអាហ្សង់ទីន ឬស្មើនឹង ៩% នៃការនាំចូលសាច់សរុបរបស់ទីក្រុងប៉េកាំង។ កាលពីឆ្នាំមុន ទិន្នន័យគយចិនបានបង្ហាញថាតម្លៃនៃការនាំចេញសាច់របស់អាមេរិក ទៅចិនមានចំនួនសរុបប្រមាណ ២,៥ ពាន់លានដុល្លារ៕