បន្ទាប់ពីមានការសន្ទនាគ្នាតាមរយ:ទូរស័ព្ទមក ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានយល់ព្រមទទួលយកសំណើរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដោយរុស្ស៊ី នឹងបញ្ឈប់ការវាយប្រហារទៅលើសំណង់ហេដ្ឋរចនាសម្ព័ន្ធ និងរោងចក្រថាមពលរបស់អ៊ុយក្រែន ក្នុងរយ:ពេល ៣០ថ្ងៃ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។
អគ្គសេនាធិការរងនៃសេតវិមាន លោក Dan Scavino បានប្រកាសថា ប្រធានាធិបតីលោក ត្រាំ បានចាប់ផ្តើមធ្វើការសន្ទនាតាមទូរស័ព្ទជាមួយភាគីរុស្ស៊ី លោក ពូទីន កាលពីម៉ោង ១០ព្រឹក (ម៉ោងក្នុងស្រុក) នៅថ្ងៃទី១៨ ខែមីនាកន្លងទៅ។ ហើយការជជែកគ្នានោះមានរយ:ពេលប្រហែល ២ម៉ោង។
ជុំវិញកិច្ចពិភាក្សានេះ ខាងវិមានក្រឹមឡាំងបាននិយាយថា មេដឹកនាំទាំងពីរមានការផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកយ៉ាងលម្អិត និងប្រកបដោយស្មោះត្រង់ ស្តីពីបញ្ហាអ៊ុយក្រែន។ ហើយទន្ទឹមនឹងនោះ វិមានក្រឹមឡាំង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក ដូណាល់ ត្រាំ បានស្នើឲ្យភាគីជម្លោះបញ្ឈប់ការវាយប្រហារលើសំណង់ហេដ្ឋារចនាសម្ព័ន្ធ និងរោចក្រថាមពលរបស់គ្នាទៅវិញទៅមក ក្នុងរយៈពេល ៣០ថ្ងៃ។
យ៉ាងណាមិញ ខាងសេតវិមានវិញ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖”ប្រធានាធិបតីទាំងពីរបានទទួលស្គាល់ថាជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែនត្រូវតែបញ្ចប់ទៅ ប្រកបដោយសន្តិភាពយូរអង្វែង។ ដំណើរការឆ្ពោះទៅរកសន្តិភាព នឹងចាប់ផ្តើមជាមួយនឹងកិច្ចព្រមព្រៀងមួយដើម្បីបញ្ឈប់ការវាយប្រហារលើរោងចក្រថាមពល និងសំណង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ”។
សេតវិមាន បានបន្ថែមទៀតថា ភាគីទាំងពីរនឹងធ្វើកិច្ចចរចាភ្លាមៗនៅមជ្ឈិមបូព៌ាស្តីពីការរំពឹងទុកសម្រាប់បទឈប់បាញ់នៅសមុទ្រខ្មៅ ក៏ដូចជាបទឈប់បាញ់ដ៏ទូលំទូលាយ និងកិច្ចព្រមព្រៀងសន្តិភាពយូរអង្វែង។ ប៉ុន្តែទោះជាយ៉ាងណាសហរដ្ឋអាមេរិកមិនបានប្រាប់ឈ្មោះប្រទេស កាលបរិច្ឆេទជាក់លាក់ ឬមួយថាតើអ៊ុយក្រែននឹងត្រូវបានអញ្ជើញឲ្យចូលរួមនៅឡើយនោះទេ៕