ក្រុមហ៊ុនមេ Google ជះលុយជាង ៣០ពាន់លានដុល្លារ ទិញក្រុមហ៊ុនសន្តិសុខអ៊ីនធឺណិតបង្កើតថ្មីមួយ

អន្តរជាតិ

Alphabet ដែលជាក្រុមហ៊ុនមេរបស់ Google កាលពីថ្ងៃទី១៨ ខែមីនាកន្លងទៅនេះ បានប្រកាសថាខ្លួននឹងទិញយកក្រុមហ៊ុនផ្តល់សេវាសន្តិសុខអ៊ីនធឺណិតបង្កើតថ្មី Wiz នៅក្នុងតម្លៃប្រមាណ ៣២ពាន់លានដុល្លារ ខណ:កិច្ចព្រមព្រៀងនេះដែរ ត្រូវបានចាត់ទុកថាជាទិញដ៏ធំបំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្តរបស់ក្រុមហ៊ុនខ្នាតយក្សអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញកិច្ចព្រមព្រៀងដែលនឹងត្រូវបង់ជាសាច់ប្រាក់សុទ្ធនេះ ត្រូវបានក្រុមហ៊ុន Alphabet ចាត់ទុកថាជាការបោះទុនថ្មីដ៏ធំបំផុតមួយរបស់ខ្លួន ទៅលើសេវាផ្តល់សន្តិសុខអ៊ីនធើណិតបន្ថែមទៀត ចំពេលកំពុងមានការរីកចម្រើនយ៉ាងខ្លាំងនៅក្នុងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នាពេលបច្ចុប្បន្ននេះ។

គួរឲ្យដឹងថា Wiz ត្រូវបានបង្កើតឡើងនៅប្រទេសអ៊ីស្រាអែល នៅឆ្នាំ២០២០ ហើយឥឡូវមានទីស្នាក់ការកណ្តាលនៅទីក្រុងញូវយ៉ក។ ក្រុមហ៊ុននេះផ្តល់ជូននូវដំណោះស្រាយផ្សេងៗលើប្រព័ន្ធអ៊ីនធឺណិត ដោយប្រឆាំងទៅនឹងការគំរាមកំហែង និងការធ្វើសមាហរណកម្ម AI ផងដែរ។ Wiz បានមើលឃើញពីការរីកចម្រើនរបស់ខ្លួនយ៉ាងឆាប់រហ័សបំផុត ក្នុងរយៈពេលត្រឹមតែប៉ុន្មានឆ្នាំចុងក្រោយនេះ។

យ៉ាងណាមិញ លោក Assaf Rappaport ដែលជាសហស្ថាបនិក និងជា CEO របស់ Wiz បាននិយាយនៅលើទំព័រផ្លូវការរបស់ក្រុមហ៊ុនថា៖ “Wiz ទទួលបានភាពរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេលដ៏ខ្លី។ ទោះយ៉ាងណាយើងកំពុងឆ្ពោះទៅរកការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ហើយយើងចាំបាច់ត្រូវតែធ្វើវា។ ពេលវេលាឥឡូវនេះគឺត្រឹមត្រូវហើយ” ។

ជម្រាបជូនផងដែរថា បច្ចុប្បន្ន Wiz មានអតិថិជនរាប់សិបក្នុងចំណោមក្រុមហ៊ុនធំជាងគេទាំង ១០០ របស់អាមេរិកដោយផ្នែកតាមរយៈប្រាក់ចំណូល ដូចជាក្រុមហ៊ុន Microsoft, Amazon និង Morgan Stanley ជាដើម។ នេះបើយោងទិន្នន័យទទួលបាននៅលើគេហទំព័ររបស់ Wiz ផ្ទាល់តែម្តង៕