ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សអាល្លឺម៉ង់ Audi គ្រោងកាត់បន្ថយបុគ្គលិកបន្ថែមជិត ៨ពាន់នាក់

អន្តរជាតិ

ក្រុមហ៊ុនផលិតរថយន្តលំដាប់កំពូលរបស់អាល្លឺម៉ង់ អូឌី (Audi) គ្រោងនឹងកាត់បន្ថយចំនួការងារដល់ទៅ ៧ ៥០០ កន្លែងបន្ថែមទៀត នៅក្នុងប្រទេសអាល្លឺម៉ង់ រហូតដល់ឆ្នាំ២០២៩ ក្នុងគោលបំណងសន្សំសំចៃការចំណាយ ចំពេលកំពុងជួបប្រទះការលំបាកខ្លាំងនៅផ្នែកសេដ្ឋកិច្ច និងមានសម្ពាធពីដៃគូប្រកួតប្រជែង។ នេះបើតាមការចុះផ្សាយពីសារ Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការកាត់បន្ថយបុគ្គលិករបស់​ Audi សារនេះ នឹងផ្តោតទៅលើការងារផ្នែករដ្ឋបាល និងការអភិវឌ្ឍ ពោលគឺស្មើទៅនឹង ៨,៦% នៃកម្លាំងពលកម្មសកលរបស់ខ្លួន ដែលត្រូវបានចាត់ទុកថាជាកិច្ចខិតខំប្រឹងប្រែងចុងក្រោយ នៅក្នុងការព្យាយាមកាត់បន្ថយថ្លៃដើមចំណាយ ដោយក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់មួយនេះ។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Audi ក៏បានបង្ហាញក្តីរំពឹងខ្ពស់ថាផែនការកាត់បន្ថយបុគ្គលិកនេះ អាចនឹងជួយសន្សំបានទឹកប្រាក់ចំនួន ១ពាន់លានអឺរ៉ូ (១,១ពាន់លានដុល្លារ) ក្នុងរយៈពេលជាមធ្យម ចំពេលក្រុមហ៊ុនក៏កំពុងមានផែនការក្នុងការបោះទុនវិនិយោគប្រមាណ ៨ពាន់លានអឺរ៉ូ (៨,៨ពាន់លានដុល្លារ) បន្ថែម ក្នុងរោងចក្រនៅអាល្លឺម៉ង់របស់ខ្លួន សម្រាប់រយ:ពេល ៥ឆ្នាំខាងមុខ ដើម្បីជំរុញផលិតកម្មយានយន្តអគ្គិសនី។

ទន្ទឹមនឹងនេះ នៅក្នុងសេចក្តីថ្លែងមួយ ក្រុមហ៊ុន Audi បានសារភាពថា ៖”លក្ខខណ្ឌសេដ្ឋកិច្ចបច្ចុប្បន្នកំពុងមានការលំបាកកាន់តែខ្លាំងឡើង ខណៈពេលដែលសម្ពាធនៃការប្រកួតប្រជែង និងភាពមិនប្រាកដប្រជាផ្នែកនយោបាយ បានបង្កជាបញ្ហាប្រឈមដ៏ធំធេង”។

ជម្រាបជូនផងដែរថា កាលពីមុនក្រុមហ៊ុន Audi បានកាត់បន្ថយកម្លាំងការងារប្រមាណ ៩ ៥០០ កន្លែង ក្នុងវិស័យផលិតកម្ម គិតចាប់តាំងពីឆ្នាំ២០១៤ មក ដោយមានគោលដៅរក្សាទុកធនធានហិរញ្ញវត្ថុរបស់ខ្លួន ដើម្បីវិនិយោគលើយានយន្តអគ្គិសនីថ្មីៗ និងអាចបង្កើនប្រាក់ចំណេញ ​ចន្លោះពី ៩% -១១%៕