Xiaomi កំពុងដឹកនាំបដិវត្តន៍ “រោងចក្រងងឹត” នៅចិន ដោយមិនត្រូវការកម្លាំងមនុស្ស និងពន្លឺ

អន្តរជាតិ

រោងចក្រមួយនៅក្នុងប្រទេសចិន បានបង្ហាញពីដំណាក់កាលថ្មីមួយនៃឧស្សាហកម្មដោយស្វ័យប្រវត្តិ ពោលគឺជាកន្លែងមួយដែលមិនចាំបាច់ត្រូវការកម្មករធ្វើការនោះឡើយ។ ហើយឧស្សាហកម្មបែបនេះ ត្រូវបានគេដាក់ឈ្មោះថា “រោងចក្រងងឹត” ដោយសារតែវាដំណើរការដោយបញ្ញាសិប្បនិម្មិត (AI) និងមនុស្សយន្តទាំងស្រុង និងមិនចាំបាច់ត្រូវបើកភ្លើងបំភ្លឺ មនុស្សធ្វើការងារ ការសម្រាកញុំអាហារថ្ងៃត្រង់ ឬច្បាប់ការងារអ្វីនោះឡើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរឲ្យដឹងផងដែរថា Dark Factory ឬរោងចក្រងងឹតនេះ គឺអាចដំណើរការក្នុងស្ថានភាពងងឹតទាំងស្រុង ដោយប្រើមនុស្សយន្តស្វ័យប្រវត្តិ និងមិនចាំបាច់ត្រូវការពន្លឺនោះឡើយ។ ហើយរោងចក្រដំបូងគេបំផុតដែលកំពុងអនុវត្ត Dark Factory នេះ គឺមានទីតាំងនៅទីក្រុង Changping ប្រទេសចិន ដែលជាមជ្ឈមណ្ឌលផលិតកម្មជំនាន់ក្រោយ ប្រើប្រាស់បច្ចេកវិទ្យា AI និងការផ្ទុកទិន្នន័យទ្រង់ទ្រាយធំ ដើម្បីសម្រួលដល់ការផលិត 24/7 ។ មិនដូចរោងចក្រប្រពៃណីទេ រោងចក្រនេះគឺពឹងផ្អែកតែលើកម្លាំងម៉ាស៊ីនសម្រាប់អ្វីៗគ្រប់យ៉ាង ដោយរាប់ចាប់ពីការគ្រប់គ្រងសម្ភារៈ រហូតដល់ការផ្គុំរូបរាងផលិតផលចុងក្រោយ។

យ៉ាងណាមិញ ក្រុមហ៊ុនអេឡិចត្រូនិកខ្នាតយក្សរបស់ចិន Xiaomi បានដឹកនាំបដិវត្តន៍ Dark Factory នេះ ដោយបានបើកដំណើរការឧបករណ៍ស្វ័យប្រវត្តិពេញលេញនៅក្នុងរោងចក្រដែលមានសមត្ថភាពអាចផលិតស្មាតហ្វូនបានមួយគ្រឿងក្នុងមួយវិនាទី។ រោងចក្រនេះរួមបញ្ចូលទាំងប្រព័ន្ធកែសំរួលខ្លួនឯងដោយ AI ដែលជួយបង្កើនប្រសិទ្ធភាពផលិតកម្មបន្ថែម និងកាត់បន្ថយកំហុស។ លើសពីនេះទៀត Xiaomi ក៏បានអនុវត្តប្រព័ន្ធបោសសម្អាតដោយស្វ័យប្រវត្តិយ៉ាងពេញលេញ ដោយពុំចាំបាច់តម្រូវឲ្យមានបុគ្គលិកសម្អាតនោះឡើយ។

ទន្ទឹមនឹងនេះ ដើម្បីបន្តគាំទ្រដល់ទស្សនវិស័យនៃការដំណើរការរោងចក្រងងឹតនេះ ក្រុមហ៊ុន Xiaomi បាននោះទុនវិនិយោគចំនួន ២,៤ពាន់លានយ៉ន់ (៣៣០លានដុល្លារ) នៅក្នុងរោងចក្រដែលមានទំហំ ៨១ ០០០ ម៉ែត្រការ៉េ ដែលអាចមានសមត្ថភាពផលិតស្មាតហ្វូនបានចំនួនរហូតដល់ទៅ ១០ លានគ្រឿងក្នុងមួយឆ្នាំ។

ជម្រាបជូនផងដែរថា ក្រៅតែពី Xiaomi ក្រុមហ៊ុនខ្នាតយក្សរបស់ចិនផ្សេងទៀត ក៏កំពុងបន្តបោះទុនវិនិយោគលើគ្រឿងបរិក្ខារដែលដំណើរការដោយ AI ស្រដៀងគ្នានេះផងដែរ ដោយកំណត់និន្នាការមួយដែលអាចផ្លាស់ប្តូរកម្លាំងពលកម្មពិភពលោក នាពេលអនាគត៕