យោងតាមមន្ត្រីសេតវិមាន បានបង្ហាញឲ្យដឹងថា ប្រធានាធិបតីលោក ដូណាល់ ត្រាំ គ្រោងនឹងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ នៅថ្ងៃព្រហស្បតិ៍នេះ ដោយអំពាវនាវឲ្យបិទក្រសួងអប់រំអាមេរិកចោល ដើម្បីជាការបំពេញតាមការសន្យារបស់លោក អស់រយ:ពេលជាយូរមកហើយនោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AP។
សេតវិមានបាននិយាយទៀតថា តាមបទបញ្ជារបស់លោក ត្រាំ នេះ រដ្ឋមន្ត្រីក្រសួងអប់រំ លោកស្រី Linda McMahon នឹងត្រូវចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីជួយសម្រួលដល់ការបិទក្រសួងអប់រំ និងប្រគល់សិទ្ធិអំណាចផ្នែកអប់រំទៅឲ្យរដ្ឋនីមួយៗរបស់សហរដ្ឋអាមេរិកជំនួសវិញ។
យ៉ាងណាមិញ រដ្ឋបាលរបស់លោក ត្រាំ ហាក់បាននិងកំពុងព្យាយាមលុបបំបាត់ក្រសួងអប់រំអាមេរិករួចទៅហើយ ជាមួយនឹងការបណ្តេញបុគ្គលិករហូតដល់ទៅជិតពាក់កណ្តាល ខណ:ពេលដែលការិយាល័យសិទ្ធិស៊ីវិល និងវិទ្យាស្ថានវិទ្យាសាស្ត្រអប់រំ ដែលប្រមូលទិន្នន័យអំពីវឌ្ឍនភាពសិក្សារបស់ប្រទេស ក៏ត្រូវបានកាត់បន្ថយបុគ្គលិកយ៉ាងច្រើន ផងដែរ។
ជុំវិញបទបញ្ជានេះ ក្រុមអ្នកតស៊ូមតិសម្រាប់សាលារដ្ឋ បាននិយាយថាការលុបបំបាត់ក្រសួងអប់រំនេះ នឹងធ្វើឲ្យកុមារអាមេរិកទាំងអស់នៅពីក្រោយប្រព័ន្ធអប់រំរបស់អាមេរិក ដែលនឹងធ្វើឲ្យមានភាពមិនស្មើគ្នាជាមូលដ្ឋាន។
ជម្រាបជូនផងដែរថា លោក ត្រាំ ធ្លាប់បានធ្វើការរិះគន់ចំៗថាក្រសូងអប់រំអាមេរិកនេះថាជារឿងខ្ជះខ្ជាយ និងត្រូវបានបំពុលដោយមនោគមវិជ្ជាសេរី។ តែទោះជាយ៉ាងណាក៏ដោយ ការសម្រេចចិត្តបិទក្រសួងអប់រំនេះ ចាំបាច់ត្រូវតែមានការគាំទ្រពីសភាអាមេរិកជាមុនសិន ដែលជាអ្នកចាត់ចែងកញ្ចប់ថវិកា និងសហជីពរបស់គ្រូបង្រៀន៕