មេដឹកនាំចិន លោក ស៊ី ជិនពីង គ្រោងណាត់ជួប CEO ក្រុមហ៊ុនបរទេសកំពូលៗជាច្រើនរូប នៅចុងខែនេះ

អន្តរជាតិ

ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ត្រូវបានគេរំពឹងថានឹងជួបពិភាក្សាជាមួយនាយកប្រតិបត្តិរបស់ក្រុមហ៊ុនបរទេសធំៗជាច្រើនរូប នៅចុងខែមីនានេះ ក្នុងគោលបំណងទាក់ទាញការវិនិយោគបរទេសបន្ថែមទៀត ចំពេលកំពុងមានភាពតានតឹងផ្នែកពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែលនេះ បានរាយការណ៍ទៀតថា នាយកប្រតិបត្តិក្រុមហ៊ុនបរទេសរាប់សិបនាក់ នឹងត្រូវធ្វើដំណើរទស្សនកិច្ចមកកាន់ទីក្រុងប៉េកាំង ដើម្បីចូលរួមវេទិកាអភិវឌ្ឍចិនដែលនឹងត្រូវរៀបចំធ្វើឡើង នៅថ្ងៃទី ២៣-២៤ ខែមីនា ខាងមុខ។ ហើយបើតាមបញ្ជីឈ្មោះបឋម CEO ក្រុមហ៊ុនបរទេសកំពូលៗដែលនឹងមកចូលរួមកិច្ចប្រជុំដ៏ធំនេះ រួមមាននាយកប្រតិបត្តិក្រុមហ៊ុន FedEx, Siemens, BMW, Mercedes-Benz, Qualcomm, AstraZeneca, Nestle, Saudi Aramco, Citadel, Rio Tinto, Estee Lauder, Standard Chartered, KPMG និង Deutsche Bank ជាដើម។

គួរឲ្យដឹងផងដែរថា បើប្រៀបធៀបទៅនឹងឆ្នាំមុន ចំនួននៃនាយកប្រតិបត្តិមកពីអឺរ៉ុប ដែលនឹងត្រូវមកចូលរួមវេទិកាអភិវឌ្ឍចិននៅឆ្នាំនេះ មានចំនួនខ្ពស់ជាង ខណៈពេលដែលចំនួន CEO មកពីសហរដ្ឋអាមេរិកមានតិចជាង។

នៅឆ្នាំនេះ ប្រទេសចិន បានដាក់គោលដៅដាក់កំណើនសេដ្ឋកិច្ចរបស់ខ្លួនដល់ ៥% ពោលគឺស្មើគ្នាទៅនឹងឆ្នាំ២០២៤ ដែរ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ គោលដៅនេះអាចនឹងក្លាយជារឿងដ៏ពិបាកមួយ ដោយសារតែចិន កំពុងស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងឡើងដើម្បីដាក់ចេញនូវវិធានការជំរុញក្នុងស្រុក ការពារសម្ពាធបរិត្តផរណា និងកាត់បន្ថយការពឹងផ្អែកលើការនាំចេញ ក៏ដូចជាការវិនិយោគសម្រាប់កំណើន ជាដើម។

ជម្រាបជូនផងដែរថា កាល​ពី​ខែ​មុន លោក ស៊ី ក៏បាន​ជួប​ជាមួយ​អ្នក​ជំនួញ​កំពូលៗ​របស់​ចិនជាច្រើនរូបផងដែរ ខណៈពេល​ដែល​ភាព​តានតឹង​ពាណិជ្ជកម្ម​រវាង​ចិន និង​អាមេរិក​បាន​និងកំពុងមានការកើន​ឡើងខ្លាំង។ ជាមួយគ្នានេះ រដ្ឋាភិបាលទីក្រុងប៉េកាំង ក៏កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីទាក់ទាញការវិនិយោគបរទេសបន្ថែមទៀត ស្របពេលតួលេខផ្លូវការមួយដែលបានចេញផ្សាយកាលពីខែមុន បានបង្ហាញថាការវិនិយោគផ្ទាល់ពីបរទេស (FDI) ទៅក្នុងប្រទេសចិន បានធ្លាក់ចុះអស់ប្រមាណ ១៣,៤% នៅក្នុងខែមករា៕