EU គ្រោងកាត់បន្ថយការនាំចូលដែក ១៥% ក្រោយមានការដាក់ពន្ធគយរបស់លោក ត្រាំ

អន្តរជាតិ

យោងតាមមន្ត្រីជាន់ខ្ពស់របស់សហភាពអឺរ៉ុបម្នាក់ បាននិយាយកាលពីថ្ងៃពុធ ទី១៩ ខែមីនាកន្លងទៅថា សហភាពអឺរ៉ុប នឹងរឹតបន្តឹងកូតានាំចូលដែកថែប ដើម្បីកាត់បន្ថយការនាំចូលដែក ១៥% បន្ថែមទៀត គិតចាប់ពីខែមេសាតទៅ ដែលជាផ្នែកមួយនៃវិធានការក្នុងការទប់ស្កាត់ការជន់លិចទីផ្សារអឺរ៉ុបដោយដែកថែបមានតម្លៃថោកៗ ក្រោយសហរដ្ឋអាមេរិកដាក់ពន្ធគយលើដែកថែបពីគ្រប់ប្រទេសទាំងអស់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាមិញ លោក Stephane Sejourne អនុប្រធានប្រតិបត្តិគណៈកម្មាធិការអឺរ៉ុប បាននិយាយប្រាប់ទៅកាន់អ្នកយកព័ត៌មានថា ៖”ក្នុងអំឡុងពេលដែលគ្មាននរណាម្នាក់គោរពច្បាប់របស់ WTO (អង្គការពាណិជ្ជកម្មពិភពលោក) ហើយគ្រប់ប្រទេសទាំងអស់ដែលសំដៅលើសន្តិសុខជាតិ សហភាពអឺរ៉ុបមិនអាចជាកន្លែងតែមួយ ដែលអនុញ្ញាតឲ្យឧស្សាហកម្មរបស់ខ្លួនដួលរលំនោះទេ” ។

ដោយសារទីផ្សារសហរដ្ឋអាមេរិកឥឡូវនេះកំពុងតែមានភាពរង្គោះរង្គើដោយសារតែផែនការពន្ធគយ ២៥% ដែលដាក់ដោយប្រធានាធិបតីលោក ដូណាល់ ត្រាំ នោះ លោក Sejourne សង្កត់ធ្ងន់ថា ប្រទេសកាណាដា ឥណ្ឌា និងចិន ដែលជាអ្នកផ្គត់ផ្គង់ដែកធំៗនោះ អាចនឹងងាកទៅរកទីផ្សារផ្សេងៗជំនួសវិញ រួមទាំងអឺរ៉ុបជាដើម។

ទន្ទឹមនឹងនេះ លោក Sejourne ដែលជាអ្នកទទួលខុសត្រូវក្នុងការកំណត់យុទ្ធសាស្ត្រឧស្សាហកម្មរបស់សហភាពអឺរ៉ុប បាននិយាយទៀតថា វិធានការទីមួយ គឺនឹងត្រូវកាត់បន្ថយកូតានាំចូល ប្រហែល ១៥% ដោយគិតចាប់ពីថ្ងៃទី១ ខែមេសាតទៅ។ ហើយយ៉ាងណាមិញ ចំពោះការ​នាំ​ចូល​ដែក​ក្រៅ​កូតា​នឹង​ត្រូវ​ប៉ះ​ពាល់​ដោយ​ពន្ធ​ ២៥%។

ជម្រាបជូនថា គិតចាប់តាំងពីខែកក្កដា ឆ្នាំ២០១៩ មក បរិមាណកូតានៃការនាំចូលដែកបានកើនឡើងជាង ២៥% ដោយសារប្លុកនេះគោរពតាមច្បាប់របស់អង្គការ WTO ៕