ក្រុមហ៊ុនអាកាសចរណ៍ខ្នាតយក្សរបស់ប្រទេសថៃ Bangkok Airways កាលពីពេលថ្មីៗនេះ កំពុងរៀបចំផែការបញ្ជាទិញយន្តហោះថ្មីៗចំនួន ៣០គ្រឿង ដើម្បីបន្ថែមលើជើងហោះហើររបស់ខ្លួនដែលមានស្រាប់ ក៏ដូចជាកំពុងរៀបចំផែនការសម្រាប់ការស្ទុះងើបឡើងនៃទេសចរណ៍ ដែលជំរុញដោយរឿងភាគអាមេរិក The White Lotus ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។
លោក Puttipong Prasarttong-Osoth នាយកប្រតិបត្តិរបស់ Bangkok Airways បាននិយាយថា ក្រុមហ៊ុនរបស់ខ្លួន គ្រោងនឹងបញ្ជាទិញយន្តហោះពីក្រុមហ៊ុនផលិតយន្តហោះខ្នាតយក្ស Airbus, Boeing និង Embraer យ៉ាងហោចណាស់ចំនួន ២០ គ្រឿងក្នុងឆមាសទីមួយនៃឆ្នាំនេះ ជាមួយនឹងជម្រើសក្នុងការបញ្ជាទិញប្រហែល ១០ គ្រឿង បន្ថែមទៀត។
ទន្ទឹមនឹងនេះ លោក Puttipong បាននិយាយបន្ថែមទៀតថា គោលដៅរបស់ក្រុមហ៊ុន គឺដើម្បីពង្រីកកងហោះហើររបស់ខ្លួនឲ្យបានយ៉ាងហោចណាស់ ៣០ គ្រឿងក្នុងរយៈពេល ៤ ទៅ ៥ ឆ្នាំខាងមុខ រួមទាំងការជួលយន្តហោះមួយចំនួនផងដែរ។
គួរឲ្យដឹងថា Bangkok Airways ដំណើរការផ្លូវហោះហើររវាងទីក្រុងបាងកក និងគោលដៅទេសចរណ៍សំខាន់ៗក្នុងស្រុកជាច្រើន រួមទាំងកោះសាមុយ ដែលជាទីតាំងថតខ្សែភាពយន្តភាគអាមេរិក The White Lotus និងជាកន្លែងដែលក្រុមហ៊ុនអាកាសចរណ៍នេះ គ្រប់គ្រងព្រលានយន្តហោះ។
យ៉ា់ងណាមិញ តាមរយ:ភាពល្បីល្បាញនៃខ្សែភាពយន្តភាគអាមេរិកនេះ វាត្រូវបានគេរំពឹងថានឹងជំរុញលំហូរភ្ញៀវទេសចរបរទេសឲ្យមកលេងកម្សាន្តនៅក្នុងប្រទេសថៃបន្ថែមទៀត ដោយរដ្ឋាភិបាល ក៏បានព្យាករថានឹងមានភ្ញៀវទេសចរយ៉ាងហោចណាស់ ៤០ លាននាក់ មកកាន់ប្រទេសខ្លួន នៅឆ្នាំនេះ។
ជម្រាបជូនផងដែរថា បើតាមលោក Puttipong បាននិយាយថា Bangkok Airways បានមើលឃើញពីការកើនឡើង ១៤% រួចទៅហើយនៅក្នុងការកក់ជើងហោះហើរកម្រិតខ្ពស់ សម្រាប់ត្រីមាសទីពីរ បើទោះបីវាជារដូវកាលទាបសម្រាប់ទេសចរណ៍ថៃក៏ដោយ៕