ទ្រព្យសម្បត្តិសរុបរបស់លោក Bui Thanh Nhon ដែលប្រធានក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ Novaland និងធ្លាប់ជាប់ក្នុងចំណោមមហាសេដ្ឋីមានដាច់គេបំផុតមួយនៅក្នុងប្រទេសវៀតណាមនោះ បានធ្លាក់ចុះអស់ ៩២% គិតចាប់តាំងពីឆ្នាំ២០២១ មក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។
នៅឆ្នាំ២០២១ លោក Nhon និងក្រុមគ្រួសាររបស់លោក បានកាន់កាប់ភាគហ៊ុនសរុបប្រមាណជាង ៦១% នៅក្នុងក្រុមហ៊ុន Novaland ដែលស្មើទៅនឹងចំនួនទឹកប្រាក់សរុបជាង ៤,២ពាន់លានដុល្លារ។
ប៉ុន្តែទោះជាយ៉ាងណា នៅឆ្នាំបន្ទាប់លោក Nhon និងគ្រួសារ ក៏បានឆាប់ផ្តើមលក់ភាគហ៊ុនរបស់ក្រុមហ៊ុនចេញជាបន្តបន្ទាប់ ហើយបើគិតមកទល់នឹងពេលនេះ ភាគហ៊ុនរបស់លោក នៅសេសសល់តិចជាង ៣៩% ប៉ុណ្ណោះ ចំពេលដែលអ្នកវិនិយោគិន មានការព្រួយបារម្ភអំពីសមត្ថភាពរបស់ក្រុមហ៊ុន ក្នុងការសងបំណុលរបស់ពួកគេ។
ជម្រាបជូនផងដែរថា បើយោងតាមទស្សនាវដ្តី Forbes បានបង្ហាញឲ្យដឹងថា លោក Bui Thanh Nhon មានទ្រព្យសម្បត្តិសរុបប្រមាណ ២,៩ពាន់លានដុល្លារ ដែលបានធ្វើឲ្យលោកជាប់នៅចំណាត់ថ្នាក់ទី៥ ក្នុងនាមជាមហាសេដ្ឋីមានដាច់គេបំផុតនៅវៀតណាម និងជាប់លេខ ១ ០៥៣ នៅទូទាំងពិភពលោក។ ប៉ុន្តែត្រឹមតែមួយប៉ប្រិចភ្នែក ក្រោយក្រុមហ៊ុនជួបប្រទះវិបត្តិហិរញ្ញវត្ថុ បានធ្វើឲ្យទ្រព្យសម្បត្តិរបស់លោក Nhon បន្តថយចុះមកសល់ត្រឹមតែប្រមាណ ៣២៩លានដុល្លារប៉ុណ្ណោះ៕