រដ្ឋាភិបាលរបស់ប្រទេសអាល្លឺម៉ង់ កាលពីពេលថ្មីៗនេះ បានបញ្ចេញនូវកញ្ចប់ជំនួយយោធាដែលមានតម្លៃប្រមាណ ៣ពាន់លានអឺរ៉ូ (៣,៣ពាន់លានដុល្លារ) បន្ថែមទៀត សម្រាប់ប្រទេសអ៊ុយក្រែន នៅក្នុងឆ្នាំ២០២៥ នេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
យ៉ាងណាមិញ ជុំវិញការផ្តល់ជូនកញ្ចប់ជំនួយចុងក្រោយនេះ ត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថាជាការផ្តល់ជូនដ៏ធំបំផុតមិនធ្លាប់មានមួយសម្រាប់អាល្លឺម៉ង់ បន្ទាប់ពីអតិការបតីជិតផុតអាណត្តិ លោក OlaF Scholz បានទទូចឲ្យមានការបន្ធូបន្ថយច្បាប់ប្រាក់កម្ចីជាតម្រូវការចាំបាច់ សម្រាប់ការផ្តល់ជំនួយបន្ថែមទៅកាន់អ៊ុយក្រែន។
ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាល្លឺម៉ង់ លោក Joerg Kukies បានជូនដំណឹងដល់គណៈកម្មាធិការថវិការបស់សភាថា តម្រូវការសម្រាប់ការអនុញ្ញាតឲ្យទទួលបានមូលនិធិបន្ថែមទាំងនោះ ត្រូវបានឆ្លើយតប ដោយយោងទៅតាមគណៈកម្មាធិការរបស់រដ្ឋាភិបាល។
គួរឲ្យដឹងផងដែរថា ជុំវិញកញ្ចប់ជំនួយចុងក្រោយនេះ ត្រូវបានក្រសួងហិរញ្ញវត្ថុអាល្លឺម៉ង់ យល់ព្រមឲ្យមានការចំណាយបន្ថែមប្រមាណ ៣ពាន់អឺរ៉ូ សម្រាប់ជួយដល់ប្រទេសអ៊ុយក្រែន នៅក្នុងឆ្នាំ២០២៥ នេះ ដោយនឹងផ្តោតជាពិសេសទៅលើការពង្រឹងសមត្ថភាពការពារដែនអាកាស និងតម្រូវការយោធាផ្សេងៗទៀត។
ជម្រាបជូនថា សម្រាប់ឆ្នាំ ២០២៦ ដល់ឆ្នាំ២០២៩ រដ្ឋាភិបាលអាល្លឺម៉ង់ ក៏គ្រោងនឹងអនុម័តកញ្ចប់ជំនួយបន្ថែមរហូតដល់ទៅជាង ៨,២ពាន់លានអឺរ៉ូ ផងដែរ។ ហើយបើគិតទាំងផែនការអនុម័តកញ្ចប់ជំនួយចុងក្រោយនេះ បានធ្វើឲ្យថវិកាជំនួយសរុបដែលអាល្លឺម៉ង់ផ្តល់ជូនទៅអ៊ុយក្រែន មានចំនួនច្រើនជាង ១១ពាន់លានអឺរ៉ូ៕