ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែកម្រជាមួយអ៊ុយក្រែន ក្នុងពេលឆាប់ៗនេះ បន្ទាប់ពីការចុះហត្ថលេខាដំបូងត្រូវបានបរាជ័យ ចំពេលមានជម្លោះពាក្យសម្តីនៅក្នុងសេតវិមាន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
នៅក្នុងសុន្ទរកថាមួយ នៅឯសេតវិមានកាលពីថ្ងៃទី២០ ខែមីនា ប្រធានាធិបតីអាមេរិករូបនេះ បាននិយាយថាលោកបានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដើម្បីបង្កើនការផលិតរ៉ែសំខាន់ៗរបស់សហរដ្ឋអាមេរិក ខណ:លោក ត្រាំ ក៏បានសង្កត់ធ្ងន់ទៀតផងដែរថា អាមេរិក អាចអាចឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែកម្រជាមួយអ៊ុយក្រែន ក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។
រម្លឹកផងដែរេថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងគៀវ បានព្រមព្រៀងគ្នាក្នុងខែនេះ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងទូលំទូលាយមួយស្តីពីការអភិវឌ្ឍធនធានរ៉ែដ៏សំខាន់របស់អ៊ុយក្រែនឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ប៉ុន្តែទោះជាយ៉ាងណា ការប៉ុនប៉ងពីមុនដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ត្រូវបានបរាជ័យ បន្ទាប់ពីប្រធានាធិបតី លោក ត្រាំ និងមេដឹកនាំអ៊ុយក្រែន លោក Zelensky បានប៉ះទង្គិចពាក្យសម្តីគ្នានៅឯសេតវិមាន កាលពីថ្ងៃទី២៨ ខែកុម្ភៈ។
ដោយឡែក វានៅមិនទាន់ត្រូវបានគេដឹងច្បាស់ថា តើកិច្ចព្រមព្រៀងស្តីពីរ៉ែកម្រនេះ អាចនឹងផ្លាស់ប្តូរពីសេចក្តីព្រាងច្បាប់ដំបូងដែលប្រទេសទាំងពីរ គ្រោងនឹងចុះហត្ថលេខាជាមួយគ្នា កាលពីចុងខែមុន ឬយ៉ាងណានោះទេ។
ជម្រាបជូនផងដែរថា ប្រធានាធិបតីលោក ត្រាំ បានដាក់សម្ពាធឲ្យមេដឹកនាំអ៊ុយក្រែន លោក Zelensky ក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែកម្រ ដែលត្រូវបានចាត់ទុកថាជាសំណងសម្រាប់ការគាំទ្ររបស់សហរដ្ឋអាមេរិក លើអ៊ុយក្រែន ក្នុងអំឡុងពេលមានជម្លោះ ក៏ដូចជាដើម្បីធានាដល់ការគាំទ្ររបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន សម្រាប់ប្រទេសនេះ នាពេលអនាគត ផងដែរ៕