មហាសេដ្ឋី Elon Musk ប្តឹងរដ្ឋាភិបាលឥណ្ឌា ជុំវិញការបញ្ជាឲ្យដកខ្លឹមសារលើបណ្តាញសង្គម X

អន្តរជាតិ

មហាសេដ្ឋីកំពូលរបស់ពិភពលោក Elon Musk កំពុងប្តឹងរដ្ឋាភិបាលរបស់ប្រទេសឥណ្ឌា ជុំវិញបទប្បញ្ញត្តិមាតិកា និងការចាប់ពិរុទ្ធទៅលើបណ្តាញសង្គម X ដែលត្រូវបានគេចាត់ទុកថាជាការផ្លាស់ប្តូរដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ចំពេលមហាសេដ្ឋីសញ្ជាតិអាមេរិករូបនេះ កំពុងព្យាយាមចរចានាំយកក្រុមហ៊ុន Tesla និង Starlink របស់ខ្លួន ចូលទៅកាន់ទីផ្សារឥណ្ឌា។ នេះបើតាមការចុះផ្សយពីសារព័ត៌មាន Bloomberg។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព



ប្រព័ន្ធផ្សព្វផ្សាយសង្គម X ដែលគេស្គាល់ពីមុនថាជា Twitter ថ្មីៗនេះ បានធ្វើការចោទប្រកាន់ទៅលើរដ្ឋាភិបាលក្រុងដេលីថា បានចេញសេចក្តីជូនដំណឹងអំពីការលុបចោលដោយបំពាន ឬខុសប្រក្រតី ទៅលើខ្លឹមសារមួយចំនួននៅលើបណ្តាញសង្គមរបស់ខ្លួន។

យ៉ាងណាមិញ ជុំវិញពាក្យបណ្ដឹងរបស់លោក Musk នេះ ហាក់បានឆ្លុះបញ្ចាំងពីភាពតានតឹងកាន់តែខ្លាំងឡើងបន្ថែមទៀត រវាងក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតតាមផ្កាយរណប Starlink និងរដ្ឋាភិបាលឥណ្ឌា បន្ទាប់ពីមានការចរចាគ្នាអស់រយ:ពេលជាយូរមកហើយ ក្នុងការបើកដំណើរការសេវាកម្មរបស់ខ្លួន នៅក្នុងប្រទេសតំបន់អាស៊ីមួយនេះ។

គួរឲ្យដឹងផងដែរថា ក្នុងរយ:ពេលប៉ុន្មានឆ្នាំកន្លងមកនេះ រដ្ឋាភិបាលទីក្រុងដេលី បានដាក់ចេញនូវបទប្បញ្ញត្តិយ៉ាងតឹងរ៉ឹងបំផុតមួយដោយគ្រប់គ្រងទៅលើប្រតិបត្តិការរបស់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយរាប់ចាប់ពី Meta Platforms រហូតដល់ Google ហើយថែមទាំងអាចឈានដល់ការចាប់ដាក់ពន្ធនាគារផងដែរសម្រាប់បុគ្គលិកក្រុមហ៊ុនបរទេសធំៗទាំងនេះ ដែលបំពានទៅលើច្បាប់។

ជម្រាបជូនផងដែរថា ពាក្យបណ្តឹងនេះ ត្រូវបានធ្វើឡើង ស្របពេលភាពតានតឹងរវាងអាមេរិក និងឥណ្ឌា ក៏កំពុងមានការកើនឡើងកម្តៅខ្លាំងផងដែរ។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គ្រោងនឹងដាក់សម្ពាធទៅលើប្រទេសឥណ្ឌា ជាមួយនឹងផែនការពន្ធគយទៅវិញទៅមក ដោយនឹងចាប់ផ្តើមពីថ្ងៃទី២ ខែមេសាតទៅ បន្ទាប់ពីបានរិះគន់ប្រទេសនេះ ចំពោះការគិតពន្ធខ្ពស់ហួសហេតុលើការនាំចូលទំនិញពីសហរដ្ឋអាមេរិក៕