គម្រោងស្នើ​ទិញ​បំណុល​ពលរដ្ឋថៃទាំងអស់ របស់លោក ថាក់ស៊ីន កំពុងធ្វើឲ្យអ្នកជំនាញសេដ្ឋកិច្ចភា្ញក់ផ្អើលខ្លាំង

អន្តរជាតិ

យោងតាមក្រុមអ្នកជំនាញផ្នែកសេដ្ឋកិច្ច បានធ្វើការព្រមានចំៗទៅកាន់រដ្ឋាភិបាលថៃ ជុំវិញការអនុវត្តសំណើរបស់អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ក្នុងការជួយដោះស្រាយបំណុលគ្រួសារ ជាមួយនឹងផែនការទិញយកបំណុលរបស់ពលរដ្ឋថៃទាំងអស់នោះ ប្រហែលជាមិនអាចដោះស្រាយបញ្ហាជាមូលដ្ឋានបាននោះទេ ហើយថែមទាំងអាចធ្វើឲ្យសេដ្ឋកិច្ចដើរថយក្រោយថែមទៀតផង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការព្រមាននេះ ត្រូវបានកើតឡើង បន្ទាប់ពីលោក ថាក់ស៊ីន អតីតនាយករដ្ឋមន្ត្រីថៃដ៏មានឥទ្ធិពល និងត្រូវជាឪពុកបង្កើតរបស់នាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន គឺលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា បានស្នើផែនការទិញយកបំណុលរបស់ពលរដ្ឋថៃទាំងអស់ពីធនាគារនានា និងលុបចោលប្រវត្តិឥណទានរបស់ពួកគេចេញពីប្រព័ន្ធធនាគារ ហើយអនុញ្ញាតឲ្យប្រជាជនអាចសងបំណុលរបស់ពួកគេត្រលប់មកកាន់រដ្ឋវិញ តាមលទ្ធភាពដែលអាចធ្វើបាន។

​យ៉ាងណាមិញ ក្រុមអ្នកជំនាញសេដ្ឋកិច្ច បានទទួល​ស្គាល់​ថា​កម្មវិធី​ទិញ​យកបំណុល​គ្រួសារ​ដែល​ដឹកនាំ​ដោយ​រដ្ឋាភិបាល​របស់​លោក​ ​ថាក់ស៊ីន ​គឺ​អាច​ធ្វើ​ទៅ​បាន ប៉ុន្តែ​បាន​ព្រមាន​ថា​វា​អាច​ជា​ដាវ​មុខ​ពីរ​ ប្រសិន​បើ​ផែនការនេះត្រូវបានអនុវត្ត​តែ​ម្នាក់​ឯងនោះ។

គួរឲ្យដឹងផងដែរថា ជុំវិញគំនិតផ្តួចផ្តើមនេះ នឹងមិនពឹងផ្អែកតែលើមូលនិធិរបស់រដ្ឋាភិបាលតែមួយមុខប៉ុណ្ណោះទេ ព្រោះវាអាចត្រូវបានផ្តល់ហិរញ្ញប្បទានតាមរយៈការវិនិយោគឯកជន ផងដែរ។ នេះបើយោងតាមការបញ្ជាក់របស់លោក ថាក់ស៊ីន ។

ប៉ុន្តែទន្ទឹមនឹងនេះ លោក Wichai Witayakiattilerd សាស្ត្រាចារ្យនៅដេប៉ាតឺម៉ង់គណិតវិទ្យា និងស្ថិតិនៃសាកលវិទ្យាល័យ Thammasat បាននិយាយថា ការជួយសម្រួលបំណុលគ្រួសារនៅក្នុងប្រទេសថៃ តាមរយ:ការអនុញ្ញាតឲ្យក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្ម (AMC) ទិញយកបំណុលអាក្រក់ពីស្ថាប័នហិរញ្ញវត្ថុ ជំនួសឲ្យការប្រើប្រាស់មូលនិធិរបស់រដ្ឋ គឺជាវិធីសាស្រ្តដែលសមស្របជាង។

ជាមួយគ្នានេះ លោក Nonarit Bisonyabut អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍប្រទេសថៃ (TDRI) បាននិយាយផងដែរថា លោកមិនយល់ស្របនឹងសំណើនៃការទិញយកបំណុលពលរដ្ឋរបស់លោក ថាក់ស៊ីន នេះទេ ព្រោះវានឹងផ្តល់ការសង្គ្រោះបានត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ ដែលជំនួសឲ្យការដោះស្រាយបញ្ហាមូលដ្ឋាន។

ជម្រាបជូនថា កម្រិតនៃបំណុលគ្រួសារនៅក្នុងប្រទេសថៃ បច្ចុប្បន្នមានចំនួនសរុបប្រមាណ ១៥,៥ទ្រីលានបាត (ឬស្មើប្រហែល ១៦៤,៣ទ្រីលានដុល្លារ) ជាមួយនឹងប្រាក់កម្ចីមិនដំណើរការ (NPLs) មានចំនួន ៤% ឬស្មើប្រហែល ៦២០ពាន់លានបាត (១៨,៤ពាន់លានដុល្លារ)៕