ក្រុមហ៊ុនផលិតរថយន្តលំដាប់កំពូលរបស់ចិន Guangzhou Automobile Group (GAC) បាននិយាយកាលពីថ្ងៃទី១៩ ខែមីនាកន្លងទៅថា ខ្លួនបានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធថ្មីមួយ ដើម្បីចាប់ដៃសហការគ្នាជាមួយក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Huawei ក្នុងការអភិវឌ្ឍម៉ាកយីហោរថយន្តប្រណីតលំដាប់ខ្ពស់មួយ ដើម្បីបញ្ចេញដាក់លក់នៅលើទីផ្សារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន YiCai Global។
នៅក្នុងផែនការថ្មីនេះ ក្រុមហ៊ុន GAC បានបណ្តាក់ទុនក្នុងចំនួនទឹកប្រាក់ប្រមាណ ១,៥ពាន់លានយ៉ន់ (ឬប្រមាណជាង ២០៧លានដុល្លារ) ដើម្បីបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធថ្មីមួយឈ្មោះថា Huawang Automotive Technology Guangzhou ដែលជាកម្មសិទ្ធិផ្តាច់មុខទាំងស្រុងរបស់ GAC ផ្ទាល់តែម្តង។
យ៉ាងណាមិញ ចំពោះម៉ូដែលរថយន្តដំបូងដែលស្ថិតនៅក្រោមម៉ាកយីហោ Huawang ថ្មីនេះ នឹងក្លាយជារថយន្តប្រើប្រាស់ថាមពលឆ្លាតវៃទំនើបថ្មី ជាមួយនឹងការដាក់លក់នៅក្នុងតម្លៃដំបូងប្រមាណ ៣០០ ០០០យ៉ន់ (៤១ ៤៩០ដុល្លារអាមេរិក)។ នេះបើតាមប្រភពនៅ GAC ប្រាប់ទៅកាន់សារព័ត៌មាន YiCai។
ជម្រាបជូនផងដែរ ចំពោះរថយន្តថ្មីរបស់ក្រុមហ៊ុន Huawang Auto នេះ នឹងត្រូវបានបំពាក់មកជាមួយនឹងបច្ចេកវិទ្យាទំនើបៗរបស់ក្រុមហ៊ុន Huawei រួមទាំងប្រព័ន្ធបើកបរឆ្លាតវៃ កាប៊ីនក្នុងឆ្លាតវៃ និងការគ្រប់គ្រងរថយន្តឆ្លាតវៃ។ លើសពីនេះ ក្រុមហ៊ុនបុត្រសម្ព័ន្ធថ្មីនេះ ក៏នឹងរួមបញ្ចូលអ្នកជំនាញរបស់ក្រុមហ៊ុន Huawei នៅទូទាំងខ្សែសង្វាក់ផលិតកម្មទាំងមូល ដោយរាប់ចាប់ពីការអភិវឌ្ឍផលិតផល ធ្វើទីផ្សារ រហូតដល់សេវាកម្មប្រព័ន្ធអេកូឡូស៊ី ផងដែរ៕