យោងតាមកាសែត Financial Times បានរាយការណ៍ឲ្យដឹងថា នាយកប្រតិបត្តិក្រុមហ៊ុន Nvidia លោក Jensen Huang គ្រោងនឹងវិនិយោគក្នុងទំហំទឹកប្រាក់រាប់រយពាន់លានដុល្លារ នៅក្នុងការផលិតបន្ទះឈីប នៅសហរដ្ឋអាមេរិក ក្នុងរយៈពេល ៤ឆ្នាំខាងមុខ។
ប្រភពដដែលនេះ បានបង្ហាញឲ្យដឹងទៀតថា ក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំជាងគេបំផុតរបស់ពិភពលោកមួយនេះ រំពឹងថានឹងចំណាយទឹកប្រាក់ប្រហែលកន្លះទី្រលានដុល្លារ លើការផលិតបន្ទះឈីបអេឡិចត្រូនិច ក្នុងអំឡុងពេល ៤ឆ្នាំខាងមុខនោះ។
លោក Huang បានប្រាប់ទៅកាន់សែត FT ដោយបន្ថែមទៀតថា រដ្ឋបាលប្រធានាធិបតីលោក ដូណាល់ ត្រាំ អាចជួយពន្លឿនដល់ការពង្រីកឧស្សាហកម្ម AI របស់សហរដ្ឋអាមេរិកបានយ៉ាងងាយស្រួល ហើយលោកថែមទាំងបានសង្កត់ធ្ងន់ថា Nvidia កំពុងសម្លឹងមើលឃើញពីឱកាសនេះ ដោយនឹងចាក់លុយជាច្រើនរយពាន់លានដុល្លារ ដើម្បីបន្តផលិតបន្ទះឈីបរបស់ខ្លួន នៅក្នុងទឹកដីសហរដ្ឋអាមេរិក។
ជម្រាបជូនផងដែរថា លោក Huang បាននឹងកំពុងធ្វើការយ៉ាងខ្លាំង ដើម្បីបន្ធូរបន្ថយកង្វល់របស់ក្រុមវិនិយោគិន ជុំវិញតម្រូវការសម្រាប់បន្ទះឈីប AI របស់ខ្លួន ឥឡូវនេះ Nvidia អាចផលិតបន្ទះឈីបជំនាន់ចុងក្រោយបំផុតរបស់ខ្លួន នៅក្នុងសហរដ្ឋអាមេរិកបានហើយ តាមរយៈអ្នកផ្គត់ផ្គង់ដូចជាក្រុមហ៊ុនខ្នាតយក្សរបស់តៃវ៉ាន់ TSMC និង Foxconn ជាដើម ចំពេលកំពុងមានការគំរាមកំហែងដោយសារតែការប្រកួតប្រជែងពីសំណាក់ក្រុមហ៊ុនយក្សចិន Huawei៕