ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ បាននិយាយថាលោកចង់ឲ្យអ្នកដែលបំផ្លាញរថយន្តអគ្គិសនី និងស្ថានីយសាករបស់ Tesla នឹងត្រូវចាប់ខ្លួនដាក់ពន្ធនាគាររយ:ពេល ២០ឆ្នាំ ហើយពួកគេថែមទាំងអាចត្រូវនិរទេសខ្លួន ទៅកាន់ពន្ធនាគារដ៏តឹងរ៉ឹងបំផុតមួយ នៅក្នុងប្រទេស El Salvador ផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។
ជុំវិញការប្រកាសបែបនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីលោក ត្រាំ បានបង្ហោះសារមួយនៅលើបណ្តាញសង្គម Truth Social របស់ខ្លួន កាលពីថ្ងៃទី២១ ខែមីនាកន្លងទៅថា ៖” ខ្ញុំកំពុងទន្ទឹងរង់ចាំមើលថា ភេរវករដ៏គួរឲ្យភ័យខ្លាចដែលផ្តល់ការគំរាមកំហែងដល់លោក Musk និងបំផ្លាញរថយន្ត Tesla ទាំងនោះ នឹងទទួលបានការចាប់ដាក់ពន្ធនាគារដល់ ២០ឆ្នាំ”។
ទន្ទឹមនឹងនេះ លោក ត្រាំ បន្តទៀតថា៖” អ្នកប្រហែលជាបានឃើញហើយពីស្ថានភាពដ៏អាក្រក់របស់អ្នកទោស នៅក្នុងពន្ធនាគារនៅ El Salvador។ ហើយក្រុមភេរវករទាំងនោះ ក៏អាចនឹងត្រូវបញ្ជូនខ្លួនទៅកាន់ពន្ធនាគារនៅទីនោះ ផងដែរ”។
គួរឲ្យដឹងថា សេចក្តីថ្លែងការណ៍របស់លោក ត្រាំ នៅតែបន្តបង្ហាញការគាំទ្រយ៉ាងខ្លាំងចំពោះមហាសេដ្ឋីមានដាច់គេលោកលោក Elon Musk ដែលត្រួវបានចាត់ទុកថាជាទីប្រឹក្សាដ៏សំខាន់របស់ប្រធានាធិបតីអាមេរិក។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក Musk ហាក់ទទួលបានការរិះគន់យ៉ាងខ្លាំង ជាពិសេសតាមរយ:ការដឹកនាំអង្គភាពប្រសិទ្ធិភាពរដ្ឋាភិបាល (DOGE) ដែលចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាលព័ន្ធ ដែលនាំឲ្យមានការបិទស្ថាប័ន និងបណ្តេញបុគ្គលិករដ្ឋអស់ជាច្រើន។
យ៉ាងណាមិញ ក្រុមហ៊ុនតំណែងចែកចាយរថយន្ត Tesla ជាច្រើន ដែលជាម៉ាកយីហោស្ថិតនៅក្រោមការគ្រប់គ្រងដោយលោក Musk នោះ ត្រូវបានរងការគំរាមកំហែងដោយក្រុមបាតុករក្នុងពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយភាគហ៊ុនរបស់ក្រុមហ៊ុនក៏បានធ្លាក់ចុះយ៉ាងខ្លាំងផងដែរ ក្នុងរយៈពេលមួយខែកន្លងមកនេះ។
ជម្រាបជូនផងដែរថា យោងតាមក្រសួងយុត្តិធម៌របស់សហរដ្ឋអាមេរិក បានឲ្យដឹងថា ជនបង្កដែលត្រូវចាប់បាន នឹងប្រឈមមុខនឹងការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុតដែលស្ថិតនៅក្រោមច្បាប់ សម្រាប់ការប្រើប្រាស់ស្រាក្រឡុក ទៅដុតបំផ្លាញរថយន្តរបស់ក្រុមហ៊ុន Tesla និងស្ថានីយ៍សាកបំពេញថ្មី នៅក្នុងរដ្ឋ Oregon, Colorado និង South Carolina ជាដើម៕