ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ ហាក់បានសម្តែងនូវការសាទរយ៉ាងខ្លាំងចំពោះគំនិតនៃការក្លាយជាសមាជិកមួយនៃអង្គការ Commonwealth ប្រសិនបើទទួលបានការអញ្ជើញពីសំណាក់ស្តេច Charles នោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន New York Post។
យ៉ាងណាមិញ ដោយបានបង្ហោះសារមួយនៅលើបណ្តាញសង្គម Truth Social កាលពីថ្ងៃទី២១ ខែមីនា ពាក់ព័ន្ធជាមួយនឹងពាក្យចចាមអារ៉ាមថា ស្តេចអង់គ្លេសចង់ស្នើសុំឲ្យសហរដ្ឋអាមេរិក ចូលរួមជាសម្ចាត់ ដើម្បីក្លាយជាសមាជិកសហការនៃ Commonwealth នោះ ប្រធានាធិបតី លោក ត្រាំ បានឆ្លើយតបវិញ ដោយសរសេរថា ៖” ខ្ញុំពិតជាស្រលាញ់ស្តេច Charles ខ្លាំងណាស់។ ហើយនេះគឺជាគំនិតដ៏ល្អបំផុត”។
រម្លឹកជូនផងដែរថា នៅក្នុងអំឡុងពេលដែលនាយករដ្ឋមន្រ្តីអង់គ្លេស លោក Keir Starmer បានធ្វើទស្សនកិច្ចមកកាន់ទីក្រុងវ៉ាស៊ីនតោន កាលពីចុងខែមុន លោកបានជូណទៅកាន់ប្រធានាធាធិបតី លោក ត្រាំ នូវសារលិខិតមួយច្បាប់ពីស្តេច Charles ដែលបានអញ្ជើញមេដឹកនាំសហរដ្ឋអាមេរិកឲ្យធ្វើទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ចក្រភពអង់គ្លេសវិញម្តង នៅឆ្នាំនេះ។
ជុំវិញសារលិខិតនេះ លោក Starmer បានហៅវាថាជាការផ្លាស់ប្តូរការទូតដែលមិនធ្លាប់មានពីមុនមកពីប្រមុខរាជវង្សអង់គ្លេស ខណៈដែលលោក ត្រាំ ក៏ធ្លាប់ត្រូវបានគេអញ្ជើញឲ្យទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅចក្រភពអង់គ្លេសម្តងរួចមកហើយ ក្នុងអំឡុងពេលអាណត្តិដំបូងរបស់ខ្លួន។
ទន្ទឹមនឹងនេះ បើតាមប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេស បានរាយការណ៍ថាស្តេច Charles មានបំណងអញ្ជើញសហរដ្ឋអាមេរិកឲ្យចូលរួមជាមួយ Commonwealth នៅពេលដែលលោក ត្រាំ នឹងត្រូវធ្វើដំណើរទស្សនកិច្ចមកកាន់ទីក្រុងឡុងដ៏។ ប៉ុន្តែជាមួយគ្នានេះ ខាងសេតវិមាន ហាក់មិនបានធ្វើអត្ថាធិប្បាយអំពីចេតនាច្បាស់លាស់របស់ប្រធានាធិបតី លោក ត្រាំ ជុំវិញការចូលរួមជាសមាជិកនេះនៅឡើយទេ ខណៈពេលដែលក្រុមមន្ត្រីអង់គ្លេស បានបញ្ជាក់យ៉ាងច្បាស់ថា ការចូលរួមជាសមាជិកភាពនៃ Commonwealth នេះបាន គឺលុះត្រាំតែជាការសម្រេចចិត្តរបស់រាជវង្សអង់គ្លេសផ្ទាល់។
គួរឲ្យដឹងថា គំនិតនៃការអញ្ជើញសហរដ្ឋអាមេរិកឲ្យចូលរួមជាមួយប្រទេសទាំង ៥៦ នៃអង្គការអន្តរជាតិ Commonwealth ដែលដឹកនាំដោយចក្រភពអង់គ្លេសនេអ គឺបានផ្ទុះឡើង ចាប់តាំងពីអាណត្តិដំបូងរបស់លោក ត្រាំ ក្នុងនាមជាប្រធានាធិបតីអាមេរិក មកម្លេះ។
ប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេសក៏បានវាយតម្លៃទៀតថា ការអញ្ជើញអាមេរិកឲ្យចូលរួមក្នុង Commonwealth ក៏អាចជាកិច្ចខិតខំប្រឹងប្រែងមួយ ដើម្បីព្យាយាមបន្ធូរបន្ថយភាពតានតឹងរវាងសហរដ្ឋអាមេរិក និងកាណាដា ដែលជាសមាជិកមួយក្នុងចំណោមសមាជិកទាំង៥៦ របស់អង្គការនេះ។
ជម្រាបជូនផងដែរថា Commonwealth ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ១៩២៦ ដែលសមាជិកភាគច្រើនជាអតីតទឹកដីក្រោមអាណានិគមអង់គ្លេស។ ក្នុងចំណោម៥៦ ប្រទេសជាសមាជិក ប្រទេសចំនួន១៦ មានម្ចាស់ក្សត្រិយ Elizabeth ទី២ ជាប្រមុខ។ ហើយបច្ចុប្បន្ននេះ Commonwealth មានទីស្នាក់ការកណ្តាលស្ថិតនៅទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស៕