យោងតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិកមួយបានបង្ហាញឲ្យដឹងថា ស្ថាបនិករបស់ក្រុមហ៊ុន Amazon គឺមហាសេដ្ឋី Jeff Bezos រួមជាមួយនិងគូដណ្តឹង លោកស្រី Lauren Sanchez បានចាប់ផ្តើមផ្ញើលិខិតអញ្ជើញភ្ញៀវ ដើម្បីមកចូលរួមពិធីមង្គលការរបស់ពួកគេ នៅលើនាវាឯកជន Koru ដែលមានតម្លៃប្រមាណជាង ៥០០លានដុល្លារ នៅក្នុងខែមិថុនាខាងមុខ។
បើតាម Puck News ដែលជាគេហទំព័រព័ត៌មានដ៏ល្បីល្បាញបំផុតនៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី២២ ខែមីនាកន្លងទៅ បានរាយការណ៍ឲ្យដឹងថា លខិតអញ្ជើញចូលរួមនៅក្នុងពិធីអាពាហ៍ពិពាហ៍ជាផ្លូវការរបស់លោក Jeff Bezos និងអ្នកនាង Lauren Sanchez ត្រូវបានផ្ញើជូនទៅកាន់ភ្ញៀវជាផ្លូវការហើយ។
ប្រភពដដែលនេះ បាននិយាយទៀតថា លោក Jeff Bezos ដែលជាមហាសេដ្ឋីមានដាច់គេបំផុតទីពីររបស់ពិភពលោក ជាមួយទ្រព្យសម្បត្តិសរុបប្រមាណជាង ២១១ពាន់លានដុល្លារ នឹងរៀបចំពិធីមង្គលការរបស់ខ្លួន ក្នុងខែមិថុនា នៅលើនាវាឯកជនតម្លៃ ៥០០លានដុល្លាររបស់ខ្លួន ដែលមានឈ្មោះថា Koru នៅឯឆ្នេរសមុទ្រ Venice ប្រទេសអ៊ីតាលី។
Koru ត្រូវបានចាត់ទុកថាជានាវាឯកជនដ៏ទំនើប និងធំបំផុតមួយក្នុងពិភពលោក ដែលបំពាក់ដោយបង្គោលក្តោងចំនួន ៣ ខណ:នាវានេះមានកម្ពស់ជាច្រើនជាន់ បំពាក់ដោយគ្រឿងបរិក្ខាទំនើបៗ និងថែមទាំងមានអាងហែងទឹកដ៏ធំបំផុតមួយនៅលើនោះ ផងដែរ។
ជម្រាបជូនផងដែរថា លោក Bezos បច្ចុប្បន្នវ័យ ៦១ឆ្នាំ និងលោកស្រី Sanchez វ័យ ៥៥ឆ្នាំ បានសម្រេចភ្ជាប់ពាក្យនឹងគ្នា នៅខែឧសភា ឆ្នាំ២០២៣ ពោលគឺបន្ទាប់ពីទាក់ទងគ្នាអស់រយ:ពេល ៥ឆ្នាំ៕