អាមេរិក នាំចូលស៊ុតពីកូរ៉េខាងត្បូង និងតួកគីបន្ថែម ដើម្បីបន្ធូរបន្ថយតម្លៃដែលកំពុងកើនឡើង

អន្តរជាតិ

រដ្ឋមន្ត្រីក្រសួងកសិកម្ម លោកស្រី Brooke Rollins បានឲ្យដឹងថា សហរដ្ឋអាមេរិក កំពុងបន្តនាំចូលស៊ុតពីប្រទេសតួកគី និងកូរ៉េខាត្បូងមកបន្ថែមទៀត ដើម្បីបន្ធូរបន្ថយការផ្គត់ផ្គង់ដោយសារតែជំងឺគ្រុនផ្តាសាយបក្សី ដែលបាននិងកំពុងជំរុញឲ្យតម្លៃស៊ុតទូទាំងប្រទេសកើនឡើងខ្លាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី Rollins បានប្រាប់ទៅកាន់អ្នកយកព័ត៌មាននៅទីក្រុងវ៉ាស៊ីនតោនថា ការនាំចូលស៊ុតពីតួកគី និងកូរ៉េខាងត្បូងបានចាប់ផ្តើមរួចហើយ ខណ:សេតវិមានក៏កំពុងពិភាក្សាជាមួយប្រទេសផ្សេងៗទៀត អំពីលទ្ធភាពចំពោះការនាំចូលស៊ុតរបស់ពួកគេជាបណ្តោះអាសន្នបន្ថែមទៀត ផងដែរ។

ទន្ទឹមនឹងនេះ អ្នក​ស្រី​បាន​និយាយបន្ថែម​ទៀតថា​៖ “យើង​កំពុង​តែមានការពិភាក្សាជុំវិញការនាំចូលស៊ុត​រាប់​រយ​លានគ្រាប់ ​សម្រាប់​រយៈពេល​ខ្លី”។

គួរឲ្យដឹងថា តម្លៃស៊ុតបានកើនឡើងយ៉ាងខ្លាំង ដោយសារតែការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សីជាច្រើនកន្លែង នៅក្នុងសហរដ្ឋអាមេរិក ដែលបង្ខំឲ្យយកសិករសម្លាប់សត្វស្លាបយ៉ាងហោចណាស់ ៣០ លានក្បាល និងមានការរឹតបន្តឹងយ៉ាងខ្លាំងចំពោះការផ្គត់ផ្គង់។

យ៉ាងណាមិញ ជុំវិញការកើនឡើងនៃតម្លៃស៊ុតនេះបានធ្វើឲ្យវាក្លាយជាការរិះគន់យ៉ាងខ្លាំងមួយ សម្រាប់ប្រធានាធិបតីលោក ដូណាល់ ត្រាំ ក្នុងអំឡុងពេលធ្វើយុទ្ធនាការបោះឆ្នោតរបស់ខ្លួនកាលពីឆ្នាំមុន ដោយលោកធ្លាប់បានសន្យាថានឹងជួយដោះស្រាយការកើនឡើងនៃតម្លៃទំនិញសំខាន់ៗ ក្នុងអំឡុងពេលកាន់តំណែងរបស់ប្រធានាធិបតីអាណត្តិមុន លោក ចូ បៃដិន៕