រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោកស្រី Rachel Reeves បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសរបស់ខ្លួនគ្រោងនឹងកាត់បន្ថយមន្ត្រីរដ្ឋាភិបាលចំនួន ១ ម៉ឺននាក់ ដោយនេះជាវិធានការថ្មីចុងក្រោយមួយ ដើម្បីកំណត់គោលដៅកាត់បន្ថយឲ្យបាន ១៥% នៃការចំណាយប្រតិបត្តិការរបស់រដ្ឋាភិបាល ចាប់ពីពេលនេះ រហូតដល់ ៤ឆ្នាំទៀត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។
លោកស្រី Reeves បាននិយាយទៀតថា រដ្ឋាភិបាលការងារ នឹងប្រកាន់ខ្ជាប់នូវផែនការរបស់ខ្លួនក្នុងការបង្កើនការចំណាយជាក់ស្តែងរៀងរាល់ឆ្នាំនៅក្នុងសភា ប៉ុន្តែត្រូវកំណត់អាទិភាពចំពោះកន្លែងណាដែលទឹកប្រាក់ទាំងនេះត្រូវបានបែងចែក ខណ:ពេលដែលនាយកដ្ឋាន រំពឹងទុកថាការប្រើប្រាស់បច្ចេកវិទ្យាកាន់តែប្រសើរឡើងដូចជា បញ្ញាសិប្បនិម្មិត អាចជួយឲ្យការសន្សំសំចៃរបស់រដ្ឋាភិបាលកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។
នៅក្នុងបទសម្ភាសជាមួយ Sky News លោកស្រី Reeves បានបន្ថែមឲ្យដឹងថា៖ “ខ្ញុំមានទំនុកចិត្តថាយើងអាចកាត់បន្ថយចំនួនមន្រ្តីរាជការឲ្យបានចំនួន ១ម៉ឺននាក់។ ក្នុងអំឡុងពេលជំងឺរាតត្បាត យើងឃើញថាមានការកើនឡើងយ៉ាងខ្លាំងនៃចំនួនមនុស្សដែលធ្វើការក្នុងមុខងារស៊ីវិល នោះជារឿងត្រឹមត្រូវដែលយើងត្រូវធ្វើ ដើម្បីជាការឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងនោះ ប៉ុន្តែវាមិនត្រឹមត្រូវទេដែលយើងគ្រាន់តែរក្សាចំនួនបុគ្គលិកយ៉ាងច្រើនឲ្យនៅទីនោះ ជារៀងរហូតនោះ”។
ជម្រាបជូនផងដែរថា រដ្ឋាភិបាលអង់គ្លេស មានបុគ្គលិកក្របខ័ណ្ឌរដ្ឋសរុបប្រមាណ ៥០០ ០០០ នាក់។ បើតាមការចុះផ្សាយពីសារព័ត៌មាន BBC រដ្ឋមន្ត្រីហិរញ្ញវត្ថុអង់គ្លេស លោកស្រី Reeves មានជំនឿជាក់ថានឹងអាចកាត់បន្ថយចំនួនមន្ត្រីរដ្ឋបាល ឲ្យបានយ៉ាងហោច ១ ម៉ឺននាក់ ហើយការធ្វើដូច្នេះនឹងធ្វើឲ្យរដ្ឋាភិបាលអង់គ្លេស អាចសន្សំសំចៃថវិកាជាតិ ចំនួន ២,២ពាន់លានផោន ឬស្មើនឹងប្រមាណ ២,៦ពាន់លានដុល្លារ នៅត្រឹមឆ្នាំ ២០៣០ ខាងមុខ៕