តៃវ៉ាន់ សន្យាទិញចូលទំនិញ និងឧស្ម័នពីអាមេរិកបន្ថែមទៀត ដើម្បីយកចិត្តលោក ត្រាំ

អន្តរជាតិ

ប្រធានាធិបតីតៃវ៉ាន់ លោក Lai Ching-te បានឲ្យដឹងថា តៃវ៉ាន់នឹងទិញចូលទំនិញរបស់សហរដ្ឋអាមេរិកបន្ថែមទៀត ដោយរាប់ចាប់ពីផលិតផលកសិកម្ម រហូតដល់ឧស្ម័នធម្មជាតិ ចំពេលកំពុងមានភាពតានតឹងផ្នែកពាណិជ្ជកម្ម ដោយសារផែនការពន្ធគយរបស់លោក ដូណាល់ ត្រាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Focus Taiwan។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Lai បាននិយាយក្នុងអំឡុងកិច្ចប្រជុំសហគមន៍ធុរកិច្ចដែលរៀបចំធ្វើឡើងនៅទីក្រុងតៃប៉ិ កាលពីសប្តាហ៍មុនថា៖” តៃវ៉ាន់ នឹងពង្រីកការនាំចូលទំនិញពីសហរដ្ឋអាមេរិកបន្ថែមទៀត​ នៃផលិតឧស្សាហកម្ម និងកសិកម្ម ក៏ដូចជាឧស្ម័នធម្មជាតិ ផងដែរ”។

ជាមួយគ្នានោះដែរ លោក Lai ក៏បានសង្កត់ធ្ងន់ទៀតថា តៃវ៉ាន់ កំពុងមានចំណាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការទិញយកឧស្ម័នធម្មជាតិពីរដ្ឋ Alaska សហរដ្ឋអាមេរិក ព្រោះថាវាអាចបំពេញតម្រូវការរបស់រដ្ឋដីកោះនេះ ហើយនិងថែមទាំងអាចធានាបាននូវសុវត្ថិភាពថាមពលរបស់តៃវ៉ាន់ ផងដែរ។

យ៉ាងណាមិញ ជុំវិញការអត្ថាធិប្បាយរបស់លោក Lai បែបនេះ ហាក់បានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងយ៉ាងទូលំទូលាយរបស់រដ្ឋាភិបាលកោះតៃវ៉ាន់ ក្នុងការកាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់ខ្លួន ជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីមានការគម្រាមកំហែងពន្ធគយជាបន្តបន្ទាប់ ពីសំណាក់ប្រធានាធិបតីលោក ដូណាល់ ត្រាំ។

ទន្ទឹមនឹងនេះ លោក Lai ក៏បានពណ៌នាតៃវ៉ាន់ថាជា “ដៃគូដែលមិនអាចខ្វះបាន” សម្រាប់សហរដ្ឋអាមេរិក ខណ:តៃវ៉ាន់ នៅរយ:ពេលចុងក្រោយនេះ បានព្យាយាមធ្វើឧស្សាហកម្មរបស់ខ្លួនងើបឡើងវិញ និងបង្រួបបង្រួមភាពជាអ្នកដឹកនាំបច្ចេកវិទ្យាកម្រិតខ្ពស់ ផងដែរ។

លោក Lai បាននិយាយទៀតថា ៖ “ខ្ញុំមានទំនុកចិត្តថាក្រុមហ៊ុនរបស់តៃវ៉ាន់ និងអាមេរិក អាចប្រើប្រាស់ជំនាញបច្ចេកវិទ្យាខ្ពស់រៀងៗខ្លួន ហើយបណ្តាក់ទុនឲ្យគ្នាទៅវិញទៅមក ដើម្បីជំរុញកំណើននៃការច្នៃប្រឌិតឧស្សាហកម្ម និងការអភិវឌ្ឍសម្រាប់សេដ្ឋកិច្ចរបស់យើងទាំងពីរ”៕