គេហទំព័រព័ត៌មានបច្ចេកវិទ្យាដ៏គួរឲ្យទុកចិត្តបំផុត The Information បានរាយការណ៍ថាក្រុមហ៊ុន OpenAI និង Meta Platforms របស់សហរដ្ឋអាមេរិក បានធ្វើការពិភាក្សាដាច់ដោយឡែកពីគ្នា ជាមួយក្រុមហ៊ុន Reliance Industries របស់មហាសេដ្ឋីមានដាច់គេនៅឥណ្ឌា លោក Mukesh Ambani លើភាពជាដៃគូសម្រាប់ការផ្តល់ជូនបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) របស់ពួកគេ នៅក្នុងប្រទេសនេះ។
ប្រភពដដែលនេះ បានបង្ហាញឲ្យដឹងទៀតថា ជុំវិញលទ្ធភាពដែលកំពុងត្រូវបានពិភាក្សាពាក់ព័ន្ធទៅនឹងទំនាក់ទំនងរវាងក្រុមហ៊ុន Reliance Jio និង OpenAI នោះ គឺដើម្បីចែកចាយសេវាកម្មបញ្ញាសិប្បនិម្មិត ChatGPT នៅក្នុងប្រទេសឥណ្ឌា កាន់តែទូលំទូលាយជាងមុន។
ជាមួយគ្នានេះ ក្រុមហ៊ុន OpenAI ក៏បានពិភាក្សាជាមួយក្រុមហ៊ុនជាដៃគូរបស់ខ្លួន ក្នុងការកាត់បន្ថយតម្លៃនៃការជាវសេវាកម្ម ChatGPT នៅក្នុងប្រទេសឥណ្ឌា មកនៅទាបជាង ២០ដុល្លារ ក្នុងមួយខែ ផងដែរ។
មិនតែប៉ុណ្ណោះ The Information ក៏បានរាយការណ៍បន្ថែមទៀតថាក្រុមហ៊ុន Reliance ដែលដឹកនាំដោយមហាសេដ្ឋី Mukesh Ambani ក៏បានពិភាក្សាអំពីការបង្ហោះ និងដំណើរការម៉ូដែល OpenAI ក្នុងស្រុក ដូច្នេះរាល់ទិន្នន័យរបស់អតិថិជនក្នុងស្រុកទាំងអស់ អាចត្រូវបានរក្សាទុកនៅក្នុងប្រទេសឥណ្ឌាផ្ទាល់។
អ្វីដែលកាន់តែពិសេសជាងនេះ ក្រុមហ៊ុន Reliance បានពិភាក្សាអំពីការដំណើរការម៉ូដែល AI របស់ក្រុមហ៊ុន Meta និង OpenAI នៅក្នុងមជ្ឈមណ្ឌលផ្ទុកទិន្នន័យ ៣ ជីហ្គាវ៉ាត់របស់ខ្លួន ដែលក្រុមហ៊ុនខ្នាតយក្សរបស់ឥណ្ឌាមួយនេះ គ្រោងនឹងសាងសង់ឡើងនៅទីក្រុង Jamnagar រដ្ឋ Gujarat នាពេលឆាប់ៗខាងមុខនេះ ។
ជម្រាបជូនផងដែរថា Reliance Industries គឺជាក្រុមហ៊ុនធំជាងគេបំផុតមួយនៅក្នុងប្រទេសឥណ្ឌា ដែលរកស៊ីទៅលើវិស័យធំៗជាច្រើន រួមមានទាំងផ្នែកគីមីឥន្ធនៈ ការចម្រាញ់ ការរុករកប្រេង និងឧស្ម័ន ទូរគមនាគមន៍ ការលក់រាយ និងថាមពលបៃតង ជាដើម៕