ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី២៤ ខែមីនាកន្លងទៅ បានប្រកាសចេញច្បាប់ថ្មីមួយថា ប្រទេសណាមួយដែលទិញចូលប្រេង ឬឧស្ម័នពីវេណេហ៊្សូអេឡានោះ នឹងត្រូវបង់ពន្ធ ២៥% នៅពេលពួកគេលក់ទំនិញឲ្យសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
ជុំវិញផែនការពន្ធគយថ្មីនេះ នឹងត្រូវចូលជាធរមាន ចាប់ពីថ្ងៃទី២ ខែមេសាតទៅ ហើយនឹងត្រូវបានអនុវត្តក្នុងពេលដំណាលគ្នាជាមួយនឹងពន្ធដែលមានស្រាប់ផងដែរ។ ទន្ទឹមនឹងនេះ លោក ត្រាំ បាននិយាយថា ការដាក់ពន្ធនេះ គឺដើម្បីជាការឆ្លើយតបវិញ ដោយសារតែប្រទេសវេណេហ៊្សូអេឡា បាននាំមកមកនូវមនុស្សកាចសាហាវខ្លាំងរាប់ម៉ឺននាក់ ចូលមកក្នុងទឹកដីអាមេរិក។
យ៉ាងណាមិញ ចំពោះប្រទេសណាដែលទិញចូលប្រេងពីវេណេហ៊្សូអេឡា តាមរយ:ភាគីទីបីនោះ ក៏នឹងត្រូវបង់ពន្ធផងដែរ។ បច្ចុប្បន្នប្រទេសចិន គឺជាអ្នកទិញប្រេងធំបំផុតរបស់វេណេហ្ស៊ូអេឡា។ កាលពីខែមុន ប្រទេសនេះបាននាំចូលប្រេងឆៅ និងឥន្ធនៈចំនួន ៥០៣ ០០០ បារ៉ែលក្នុងមួយថ្ងៃ ពីប្រទេសនៅក្នុងតំបន់អាមេរិកខាងត្បូងនេះ ទាំងដោយផ្ទាល់ និងដោយប្រយោល ខណ:ចំនួននេះគឺតំណាងឲ្យប្រហែល ៥៥% នៃការនាំចេញប្រេងសរុបរបស់វេណេហ្ស៊ូអេឡា។
ជាមួយគ្នានេះ ប្រទេសឥណ្ឌា អេស្ប៉ាញ អ៊ីតាលី និងគុយបា ក៏ទិញចូលប្រេងពីវេណេហ្ស៊ូអេឡា ផងដែរ។
បើតាមលោក David Goldwyn នាយកក្រុមហ៊ុនប្រឹក្សា Goldwyn Global Strategies បាននិយាយថា វិធានការពន្ធគយថ្មីរបស់លោក ត្រាំ នេះអាចជះឥទ្ធិពលយ៉ាងខ្លាំងលើការនាំចេញប្រេងរបស់វេណេហ្ស៊ូអេឡា ដោយបង្ខំឲ្យប្រទេសនេះកាត់បន្ថយតម្លៃ។ ប៉ុន្តែគោលនយោបាយនេះ ក៏នឹងបង្កើនតម្រូវការប្រេងរបស់រុស្ស៊ីឡើងវិញផងដែរ។ លោក Goldwyn បានមានប្រសាសន៍ទៀតថា ចិន និងឥណ្ឌានឹងមិនប្រថុយនឹងការបង់ពន្ធនាំចូលបន្ថែមណាមួយទៀតនោះឡើយ នៅពេលដែលពួកគេអាចទិញប្រេងពីរុស្ស៊ីបាន៕